សម្ដេចតេជោ ហ៊ុន សែន៖ នៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាល ជាមួយកងទ័ពនោះឡើយ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥--
ជាមួយនឹងកាសែតថៃ ដែលបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថាសម្ដេចតេជោ ធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញសម្ដេចចូលរួមបញ្ជាកងទ័ពនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា នៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។


នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រលប់ថ្ងៃទី០ ៤ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថាខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។ សម្ដេចតេជោបន្តថា មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។សម្ដេចតេជោបញ្ជាក់ថា សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុង ធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។ សម្តេចតេជោបានលើកជាសំណួរថា ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ព រហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។ សម្ដេចតេជោបានបន្ថែមថា បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធន៍ជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕
ដោយ៖ ជឹម ណារី





