អភិបាលរងស្រុកវ៉ារិន៖ ជនភៀសសឹកនៅក្នុងវត្ដស្រែណូយ មានអាហារផ្គត់ផ្គង់គ្រប់គ្រាន់និងទទួលបានការថែទាំសុខភាពបានត្រឹមត្រូវ
AKP សៀមរាប ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥--លោក ប៊ុត វិបុល អភិបាលរងស្រុកវ៉ារិន ខេត្ដសៀមរាប ទទួលខុសត្រូវជាប្រធានគណៈកម្មការគ្រប់គ្រងជនភៀសសឹកនៅក្នុងវត្ដស្រែណូយ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប បានប្រាប់អ្នកសារព័ត៌មានថា ជនភៀសសឹកនៅក្នុងវត្ដស្រែណូយ មានអាហារផ្គត់ផ្គង់គ្រប់គ្រាន់និងទទួលបានការថែទាំសុខភាពបានត្រឹមត្រូវ។
លោក អភិបាលរងស្រុកវ៉ារិន បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៤កក្កដា ជាថ្ងៃដំបូងនៃការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ រហូតដល់៣សីហា មានជនភៀសសឹកចំនួន១១៦៤គ្រួសារស្មើនឹង ៥០៥៣នាក់ ភាគច្រើនមកពីស្រុកអន្លង់វែង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ចាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់មក បងប្អួនជនភៀសសឹកមួយចំនួនបានត្រឡប់ទៅវិញ ប៉ុន្តែនៅពេលឮដំណឹងថា មានភាពតានតឹងឡើងវិញម្សិលមិញ មានបងប្អូនភៀសសឹកចូលថ្មីប្រមាណ២០០គ្រួសារ ហើយមួយចំនួនទៀត បានប្ដូរទីតាំងស្នាក់នៅ។
លោក ប៊ុត វិបុល អភិបាលរងស្រុកវ៉ារិន បានបញ្ជាក់ពីមូលហេតុនៃការចល័តទីតាំងរបស់បងប្អូនជនភៀសសឹកមួយចំនួនថា«ដោយសារទីតាំងភូមិសាស្ត្រទីនេះ (វត្តស្រែណូយ) ជិតកន្លែងកងទ័ព បងប្អូនខ្លះមានការភ័យខ្លាចបានប្តូរទីតាំងទៅស្រុកបន្ទាយស្រី ប្រាសាទបាគង ឬក្រុងសៀមរាប តាមការសម្រេចចិត្ត តែបើបងប្អូនចង់ចូលស្នាក់នៅនៅទីនេះ ក៏នៅតែសម្របសម្រួលឱ្យស្នាក់នៅដែរ»។


លោក អភិបាលរង បានប្រាប់ថា ការស្នាក់នៅក្នុងវត្តស្រែណូយនេះ មានកន្លែងគេង បន្ទប់ទឹកសមរម្យ មានពេទ្យស្ម័គ្រចិត្តមកពីខាងរាជធានីភ្នំពេញ និងពេទ្យកុមារអង្គរជួយពិនិត្យសុខភាពជាប្រចាំ។ ចំណែកស្បៀងអាហារមានការជួយជ្រោមជ្រែងពីសប្បុរសជន ចូលរួមចែកជូននៅទីនេះផ្ទាល់។ តាមការសន្និដ្ឋានរបស់លោកអភិបាលរងស្រុកសម្រាប់ការផ្គត់ផ្គង់ស្បៀងមួយរយៈនេះមានគ្រប់គ្រាន់ តែបើនៅយូរទៀត ទាល់តែមានការជួយទំនុកបម្រុងពួកគាត់បន្ថែមទៀត។


ចំណែកឯ ការសិក្សារបស់ក្មេងៗ ក្រសួងអប់រំបានចុះស្រង់ស្ថិតិដើម្បីសម្រួលបញ្ចូលទៅតាមថ្នាក់រៀនសូត្របន្ថែម និងមានអង្គការ World Vision ដាក់សៀវភៅសម្រាប់ឱ្យក្មេងៗអានបានខ្លះនៅទីតាំងស្នាក់អា្រស័យផ្ទាល់៕
ដោយ៖ គង់ សិរីរ័ត្ន,រួបថត៖ សំ សាម៉ន





