ស៊ីម៉ាក់រកឃើញគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
AKPភ្នំពេញ៖ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៥
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីការរកឃើញនៅទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ការបញ្ជាក់របស់ឯកឧត្តម ហេង រតនា បែបនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ក្នុងគោលដៅ ដើម្បីបង្ហាញពីការឈ្លានពានពីសំណាក់កងទ័ពថៃ ដោយបានទម្លាក់គ្រាប់បែក ពីយន្តហោះ F-16 របស់ថៃ ប្រភេទ MK-84 មកលើផ្ទះប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ចាប់តាំងពីមានជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា-ថៃ ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៥កន្លងមក។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលម្អិត ដោយបានបញ្ជាក់ថា គ្រាប់បែក MK-84 នេះ មានលេខ Lot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦ ។
ប្រធានអង្គការ Golden West ប្រចាំកម្ពុជា និងជាអតីតកងទ័ពម៉ារីនសហរដ្ឋអាមេរិកខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84 នេះ ក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែក MK-84 នេះ ផលិតនៅឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុន IMI (Israel Military Industries)របស់អ៊ីស្រាអែលបានទទួលសិទ្ធិផលិតនិងលក់គ្រាប់បែកត្រកូលMKនេះ។

ជុំវិញការរកឃើញគ្រាប់បែក MK-84 នេះ ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ដែរថា៖ «គ្រាប់បែក MK-84 នេះ ផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះ វាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣ កើតទេ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ»៕
ដោយ៖មករា





