ឯកឧត្តម សុខ លូ អញ្ជើញទទួលស្វាគមន៍ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ បានបន្តអញ្ជើញទទួលស្វាគមន៍ និងសម្របសម្រួលបងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ផ្ដល់អាហារសម្រន់ជូនដល់ពលករ និងបានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។

ទន្ទឹមនឹងនេះ ពលករខ្មែរដែលបានមកដល់ស្រុកកំណើតវិញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃសូមវិលត្រឡប់មកមាតុប្រទេសវិញដើម្បីសុវត្ថិភាព។ បងប្អូនពលករបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព។

សូមជម្រាបថា ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់ បានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលករទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញជាបន្តបន្ទាប់ប្រកបដោយសុខសុវត្ថិភាព។ រដ្ឋបាលខេត្តបាត់ដំបងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជាបានជួយសម្របសម្រួលជញ្ជូនអីវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





