អំណោយសម្ភារផ្ទះបាយ៥០០០ឈុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកចែកជូនពលរដ្ឋភៀសសឹកនៅស្រុកគូលែន ខេត្ដព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥--
អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដូចជា ចាន ឆ្នាំង ស្លាប ព្រា វែកបាយ វែកសម្ល ចំនួន៥០០០ឈុត ត្រូវបានគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញប្រគល់ជូនប្រជាពលរដ្ឋភៀសសឹក នៅតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ ដោយពិធីប្រគល់ និងទទួលអំណោយនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅវត្តពោធិ៍៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ។

ឯកឧត្ដម គីម រិទ្ធី ក៏បានអរគុណចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានជួយឧបត្ថម្ភ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញមកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដោយក្នុងមួយឈុតមានឆ្នាំងបាយ១ ឆ្នាំងសម្ល១ ចានសម្លធំ១ ចានបាយ៥ ស្លាបព្រា៥ វែកបាយ និងវែកសម្ល និងបានថ្លែងអំណរគុណចំពោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់តាំង ឯកឧត្ដម ឯក ឃុនដឿន ដឹកនាំក្រុមការងារនាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ។

ឯកឧត្ដម ឯក ឃុនដឿន ក្នុងឱកាសនោះដែរ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្ដម ឃួង ស្រេង ក៏បានអរគុណដល់បងប្អូនវីរកងទ័ពជួរមុខ ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ក្នុងបុព្វហេតុការពារទឹកដី និងសូមជូនពរឱ្យបងប្អូនយើងទាំងអស់មានសុខភាពល្អ ឈ្នះអស់មាសត្រូវ។

សូមបញ្ជាក់ថា ទន្ទឹមនឹងការនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រដ្ឋបាលរាជធានីភ្នំពេញក៏បានដឹកជញ្ជួនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ម៉ូតូ និងថវិការបស់សប្បុរសជននានាផ្ដល់ជូនដល់មណ្ឌលសុខភាពគូលែន កងពលធំអន្តរាគមន៍លេខ៣ចំនួន៣ដងជាប់ៗគ្នាផងដែរ៕
ដោយ សួស សំរិត





