ឯកឧត្តម ទឹម បូរក្ស អញ្ជើញចូលរួមចុះពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកកងមាស
AKP កំពង់ចាម ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ដោយសហការជាមួយអាជ្ញាធរស្រុកកងមាស បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្ត្រស្រុកកងមាសខេត្តកំពង់ចាម បានចំនួន២ករណី នៅចំណុចចំណុចរោងវែង និង ចំណុចបឹងជាយឫស្សី ក្នុងភូមិសាស្ត្រឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយរុះរើ និងបំផ្លាញចោលវត្ថុតាងបទល្មើសនេសាទ នៅនឹងកន្លែងរួមមាន ឧករណ៍លូស្បៃមុងចំនួន៤២មាត់ របាំងស្បៃមុងប្រវែង១២៩០ម៉ែត្រ បង្គោលចម្រឹងចំនួន៦៥០ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់២៣គីឡូក្រាមផងដែរ។


ឯកឧត្តមអនុរដ្ឋលេខាធិការបានធ្វើការណែនាំដល់បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ក្រាបរាល់បទល្មើសនេសាទគ្រប់ប្រភេទ ដោយកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការចូលរួមទប់ស្កាត់ រាល់បទល្មើសនេសាទក្នុងរដូវបិទនេសាទនេះ សំដៅកំណើនក្នុងដែនធម្មជាតិជាតិ និងសូមអំពាវនាវដល់ប្រជាសហគមន៍ ប្រជាពលរដ្ឋ រួមគ្នាការពារនៅធនធានមច្ឆជាតិ ព្រោះជាធនធានសំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិ ធានាបាននូវសន្តិសុខស្បៀង ពិសេសជាស្បៀងដ៏សំខាន់របស់ប្រជាពលរដ្ឋ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕
ដោយ ឆាយ ម៉ុត





