អ្នកនាំពាក្យក្រសួងការពារជាតិ៖ ម៉ោង១១ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់អាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងៗទៀត
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥--
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នារសៀលថ្ងៃទី០៤ សីហានេះ បានប្រកាសដំណឹងបន្ទាន់មួយដោយបានបញ្ជាក់ថា ម៉ោង១១ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់អាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងៗទៀតដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់កម្ពុជាយ៉ាងណាក៏ដោយ ។

គួររម្លឹងផងដែរថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរការទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៥ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។
ទង្វើនេះជាការរំលោភបំពានបទឈប់បាញ់យ៉ាងគឃ្លើននិងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរជាទីបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្ដោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជា តំបន់ទាំងមូល។

កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញនិងប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យភាគីថៃ បញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន





