ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាមានប្រព័ន្ធដឹកនាំមួយដែលឯកភាព និងមានវិន័យ ទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដែលធ្វើឱ្យអន្តរជាតិភ្ញាក់ផ្អើល និងសាទរ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ -- ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា កម្ពុជាមានប្រព័ន្ធដឹកនាំមួយដែលឯកភាព និងមានវិន័យពោលគឺទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ស្ដាប់ការណែនាំ និងគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងម៉ឺងម៉ាត់ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម ប៉ែន បូណា បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានសារទពីសហគមន៍អន្តរជាតិ ហើយចំណុចខ្លាំងទាំងនេះ កម្ពុជាបានឆ្លងកាត់រួចហើយនូវវិញ្ញាសារនៅក្នុងជម្លោះប្រដាប់អាវុធរយៈពេល៥ថ្ងៃ កន្លងមកនេះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្ដមអ្នកនាំពាក្យបានលើកឡើងថា កម្ពុជាជាប្រទេសតូចតែទទួលបានការចាប់អារម្មណ៍ភ្ញាក់ផ្អើលទទួលការសាទតពីសហគមន៍អន្តរជាតិ ដោយសារយើងមានកម្លាំងមហាសាមគ្គី ផ្ទៃក្នុងដ៏រឹងមាំ និងស្របជាមួយសហគមន៍អន្តរជាតិ។ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ «ដូច្នេះខ្ញុំស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋថែរក្សានូវកម្លាំងមហាសាមគ្គីដ៏រឹងមាំនេះជារៀងរហូត ហើយជាពិសេសចៀសវាងនូវការទទួលព័ត៌មានក្លែងក្លាយ ព័ត៌មានមិនច្បាស់លាស់ ពិសេសព័ត៌មានមានចរឹកបំបែកបំបាក់ មហាសាមគ្គីជាតិដ៏រឹងមាំរបស់យើង ហើយរងចាំទទួលព័ត៌មានជាផ្លូវការពីរាជរដ្ឋាភិបាលយើង»។

ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងទៀតថា កម្ពុជាមានចំណុចខ្លាំងជាច្រើនដូចជាកម្ពុជាមានថ្នាក់ដឹកនាំដែលមានបទពិសោធន៍វាងវៃ ប្រកបដោយុទ្ធសាស្ត្រ ចក្ខុវិស័យទាំងយោធា នយោបាយ និងការទូត ហើយជាថ្នាក់ដឹកនាំស្រឡាញ់សន្តិភាព និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ។ លើសពីនេះ កម្ពុជាមានវីរៈកងទ័ព និងវីរៈកងកម្លាំងប្រដាប់អាវុធដែលអង់អាចក្លាហាន ប្តូរផ្តាច់ការពារសន្តិភាព ការពារបូរណភាពទឹកដី និងមោទកជាតិខ្មែរ។ ជាងនេះទៅទៀត កម្ពុជាមានប្រជាពលរដ្ឋចេះរួមសាមគ្គីជាធ្លុងមួយជាពិសេសនៅពេលជាតិ ត្រូវបានឈ្លានពាន គំរាមកំហែងពីខាងក្រៅ ហើយប្រជាពលរដ្ឋខ្មែរជាអ្នកជាតិនិយម ប៉ុន្តែមិនជ្រុលនិយម៕
ដោយ៖ប៊ុនរិទ្ធ





