រដ្ឋសភាកម្ពុជាបន្តចូលរួមជំរុញអភិបាលកិច្ចទឹកដែលឆ្លើយតបទៅនឹងការអភិវឌ្ឍនិង ការប្រែប្រួលអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋសភាកម្ពុជាក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ី(AAWC) បានចូលរួមយ៉ាងសកម្មនៅក្នុង «កិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ី(AAWC) លើកទី៨» និង «កិច្ចប្រជុំតុមូលស្តីពីអាកាសធាតុនិងទឹកលើកទី២» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ខែសីហា ឆ្នាំ២០២៥ នៅសាធារណៈរដ្ឋកៀហ្ស៊ីស្ថាន ដោយមានការចូលរួមពីសភាជាសមាជិក មានជាអាទិ៍ សាធារណរដ្ឋកូរ៉េ នេប៉ាល់ កាហ្សាក់ស្ថាន ម៉ាឡេស៊ី ឡាវ អ៊ូបឺគីស្ថាន ស្រីលង្កា និងកៀហ្ស៊ីស្ថាន ព្រមទាំងភ្នាក់ងារអភិវឌ្ឍ អ្នកជំនាញ អ្នកសិក្សាគោលនយោបាយ និងវិស័យឯកជនមួយចំនួនទៀត។

គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូនអាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា និងជាសមាជិកនៃក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ី(AAWC) បានចូលរួមវេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈ បញ្ហាប្រឈម និងកំណត់ដំណោះស្រាយរួមគ្នាក្នុងការអភិបាលកិច្ចទឹក បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម បានបង្ហាញសមិទ្ធិផលដែលសភាកម្ពុជាបាននិងកំពុងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យទឹក ជាពិសេសសមាជព្រឹទ្ធសភា និងរដ្ឋសភាលើកទី១ ជាប្រវត្តិសាស្ត្រកាលពីដើមខែមិថុនា ឆ្នាំ២០២៥ ដែលបានកំណត់អាទិភាពចំពោះអភិបាលកិច្ចទឹកជាធាតុស្នូលដ៏សំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែល«ទឹក» ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំ។

ជាក់ស្តែងសភា និងរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់ និងអន្តរជាតិដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ដូចជាAI និងការវិភាគពីផ្កាយរណបសម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទឹកព្រមទាំងការបន្តប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រភាពធន់នឹងគ្រោះមហន្តរាយ និងការទទួលបានអភិបាលកិច្ច និងការប្រើប្រាស់ទឹកប្រកបដោយសមធម៌ជាពិសេសនៅតំបន់ជនបទ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានទាញចំណាប់អារម្មណ៍របស់អង្គវេទិកាអំពីជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ ដែលយោធាថៃបានបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ហើយលើសពីនេះយោធាថៃបានប្រើប្រាស់ផ្សែងសារធាតុគីមីទម្លាក់ពីលើយន្តហោះចម្បាំងមកលើតំបន់ប្រយុទ្ធ និងតំបន់នៅជិតៗនោះដែលបង្កឱ្យខូចខាតដល់បរិស្ថានដែលនឹងនាំឱ្យមានការបំពុលទឹក ដី និងបរិយាកាស ហើយបានជះឥទ្ធិពលអវិជ្ជមានដល់ទាហាន និងប្រជាជន ដែលរស់នៅទីតាំងនោះផ្ទាល់ ក៏ដូចជាអ្នករស់នៅខាងក្រោមនៃប្រភពទឹកខាងលើ។ ឯកឧត្តមបានអំពាវនាវដល់សមាជិកទាំង១៧ប្រទេស និងអ្នកចូលរួមទាំងអស់ឱ្យពិចារណាចុះត្រួតពិនិត្យ សិក្សា និងវាយតម្លៃផលប៉ះពាល់ និងហានិភ័យលើបរិស្ថាន និងសុខភាពសាធារណៈ។ អង្គប្រជុំបានកត់សម្គាល់អំពីបញ្ហា និងសំណើនេះហើយសភាជាសមាជិកនិងអ្នកជំនាញការពាក់ព័ន្ធ បង្ហាញការកត់សម្គាល់និងត្រៀមខ្លួនសហការតាមការស្នើសុំរបស់ភាគីកម្ពុជា។

នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីអាកាសធាតុ និងទឹកលើកទី២ ភ្នាក់ងារអភិវឌ្ឍន៍ជាច្រើនរបស់សាធារណរដ្ឋកូរ៉េ អ្នកជំនាញការសហគ្រាសឯកជន និងស្ថាប័នធ្វើការពាក់ព័ន្ធនឹងវិស័យទឹកបានចែករំលែកនូវឧត្តមានុវត្ត បច្ចេកវិទ្យាថ្មីៗក្នុងអភិបាលកិច្ចទឹក លទ្ធផលនៃការស្រាវជ្រាវនានាក្នុងការអភិវឌ្ឍវិស័យទឹកឱ្យឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាលទ្ធផល កិច្ចប្រជុំបានអនុម័តជាផ្លូវការសេចក្តីថ្លែងការណ៍ក្រុងប៊ីសគិក(Bishkek Statement) ដែលបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដោយយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហាទឹកស្អាតនិងអនាម័យ និងអាកាសធាតុដោយធ្វើការតាមដានពិនិត្យនិងកែលម្អច្បាប់ និងគោលនយោបាយជាតិលើកកម្ពស់ភាពជាដៃគូប្រកបដោយបរិយាប័ន្នការវិនិយោគប្រកបដោយនិរន្តរភាពកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។ តាមរយៈកិច្ចប្រជុំលើកនេះ រដ្ឋសភាកម្ពុជាបានពង្រឹងបន្ថែមទៀតនូវតួនាទីរបស់ខ្លួនលើឆាកអន្តរជាតិ ជាពិសេសការទូតសភាលើវិស័យទឹកដែលឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេស និងការប្រែប្រួលអាកាសធាតុសំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។

សូមរំលឹកថាកាលពីខែឧសភា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកលើកទី៥ និងសិក្ខាសាលាស្តីពី«ចក្ខុវិស័យទឹក៖ ទស្សនៈពីកម្ពុជា» នៅរាជធានីភ្នំពេញ ដោយបានចេញនូវសេចក្តីថ្លែងការណ៍ក្រុងភ្នំពេញ និងសេចក្តីថ្លែងការណ៍អនុសាសន៍អំពីអភិបាលកិច្ចទឹកសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដោយជំរុញកិច្ចសន្ទនា និងការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនាញ

និងដៃគូអភិវឌ្ឍន៍ជាមួយក្រសួងស្ថាប័ននានារបស់កម្ពុជាក្នុងការអនុវត្តគម្រោងជាក់ស្តែងជាច្រើនដើម្បីជំរុញការអភិវឌ្ឍវិស័យទឹករបស់កម្ពុជាស្របតាមតម្រូវការនៃការអភិវឌ្ឍ មានលក្ខណៈជាឧស្សាហកម្មហើយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាដើម។ AAWC បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការជំរុញទំនាក់ទំនងតំបន់ និងអន្តរជាតិលើកិច្ចការទឹកទាំងផ្នែកច្បាប់ និងទាំងការបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែង ៕

ដោយ៖ ប៊ុនរិទ្ធ





