សម្ដេចតេជោ ហ៊ុន សែន ពិនិត្យសភាពការណ៍ជួរមុខដើម្បីបន្តអនុវត្តន៍ដោយម៉ឺងម៉ាត់នូវបទឈប់បាញ់និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនឹងការរំលោភណាមួយពីភាគីម្ខាងទៀត
AKP ភ្នំពេញ ថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា សម្ដេចបានបន្តពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្តអនុវត្តន៍ដោយម៉ឺងម៉ាត់នូវបទឈប់បាញ់និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនឹងការរំលោភណាមួយពីភាគីម្ខាងទៀត។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ក្រោយសម្រាកបានជាង២ម៉ោង យើងមកប្រចាំការបន្តទៀត ជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្តអនុវត្តន៍ដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនឹងការរំលោភណាមួយពីភាគីម្ខាងទៀត។សម្ដេចតេជោបញ្ជាក់ថា៖ «ខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោង ដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងទ័ព»។

ជាមួយគ្នានេះសម្ដេចតេជោលើកជាសំណួរថា ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឱ្យកម្ពុជាវិញ៕
ដោយ៖ ជឹម ណារី





