ប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះរៀបចំក្បួនដង្ហែកាន់ទុក្ខដល់វីរកងទ័ពពលីជីវិតក្នុងសមរភូមិ
AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥--ដើម្បីរំលឹកគុណដល់វីរកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ សិស្សានុសិស្ស ព្រះសង្ឃ និងមន្ត្រីរាជការក្នុងស្រុកព្រះនេត្រព្រះជាង១,០០០នាក់ បានរួមគ្នារៀបចំពិធីដង្ហែក្បួនកាន់ទុក្ខយ៉ាងមហោឡារិក ដោយពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តមុនីសាគរ រហាល កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីឧទ្ទិសកុសលជូនដល់វីរជនដ៏ក្លាហានទាំងនោះ ដោយមានការចូលរួមពីលោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក លោកបណ្ឌិត សេង វ៉ាង ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានឃុំរហាល ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីសង្ឃស្រុក។ វត្តមានរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងរបស់កងទ័ពជាតិ។

ក្នុងពិធីនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ បានរួមគ្នាគោរពវិញ្ញាណក្ខន្ធ និងនិមន្តព្រះសង្ឃធ្វើពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិត។ ការបូជាសព្វវត្ថុ ស្រស់ស្រូប និងឧទ្ទិសដល់វីរជនដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ គឺជាការបង្ហាញនូវកតញ្ញូតាធម៌ដ៏ឧត្តុង្គឧត្តម។

លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានថ្លែងក្នុងពិធីនោះថា “ការប្រារព្ធពិធីកាន់ទុក្ខនាពេលនេះ មិនមែនគ្រាន់តែជាការបង្ហាញការសោកសៅប៉ុណ្ណោះទេ តែជាការដាស់តឿនដួងវិញ្ញាណក្ខន្ធជាតិ ឱ្យចងចាំជានិច្ចនូវគំរូវីរភាពដ៏អង់អាចរបស់វីរកងទ័ពយើង។ ពួកគាត់បានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ធ្វើឱ្យយើងទាំងអស់គ្នាអាចរស់នៅប្រកបដោយសន្តិភាព និងបូរណភាពទឹកដី។ ក្នុងនាមអាជ្ញាធរស្រុក និងប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ យើងខ្ញុំសូមគោរពដួងវិញ្ញាណក្ខន្ធរបស់វីរជនទាំងអស់ និងប្តេជ្ញាបន្តការអភិវឌ្ឍស្រុកព្រះនេត្រព្រះ ឱ្យស័ក្តិសមនឹងការលះបង់ដ៏ថ្លៃថ្លានេះ”។

គួររំលឹកផងដែរថា ការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃ បានកើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដា។ ការប្រើសិទ្ធិការពារខ្លួនរបស់កម្ពុជាដើម្បីការពារបូរណភាពទឹកដី បានធ្វើឱ្យកងទ័ពកម្ពុជារងរបួស និងពលីជីវិតក្នុងសមរភូមិ។ មិនត្រឹមតែកងទ័ពទេ សូម្បីតែផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅតំបន់ជម្លោះក៏ត្រូវរងការខូចខាតផងដែរ។ ក្រោយមានការផ្ទុះអាវុធ ប្រជាពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្តភៀសខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាព។ ពេលនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋទាំងនោះ។ ដោយមានកិច្ចខិតខំប្រឹងប្រែងពីសម្តេចនាយករដ្ឋមន្ត្រី ភាគីទាំងពីរបានឈានដល់បទឈប់បាញ់ ហើយប្រជាពលរដ្ឋក៏បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញប្រកបដោយសុវត្ថិភាព។

លោកតា នី រស់ ជាប្រជាពលរដ្ឋម្នាក់ដែលបានចូលរួមក្នុងពិធីនេះ បានបង្ហាញចំណាប់អារម្មណ៍ទាំងក្តីរំជួលចិត្តថា “ខ្ញុំមកទីនេះដើម្បីបង្ហាញការដឹងគុណចំពោះកូនចៅកងទ័ពរបស់យើង។ គាត់មិនដែលខ្លាចស្លាប់ទេ ព្រោះតែគាត់ស្រឡាញ់ជាតិ។ ទោះយើងជាមនុស្សធម្មតា មិនអាចទៅប្រយុទ្ធដូចគាត់បាន តែយ៉ាងហោចណាស់ យើងបានចូលរួមក្នុងពិធីនេះដើម្បីជាការគោរពវិញ្ញាណក្ខន្ធគាត់ ដែលជាវីរជនដ៏ពិតប្រាកដ”។
នាង សុខា ធីតា ជាសិស្សានុសិស្សម្នាក់ក៏បានចែករំលែកអារម្មណ៍របស់ខ្លួនផងដែរ “កងទ័ពដែលបានលះបង់ជីវិត គឺដើម្បីការពារពួកយើង។ ក្នុងនាមខ្ញុំជាសិស្សានុសិស្ស ខ្ញុំសូមប្តេជ្ញាខិតខំរៀនសូត្រឱ្យពូកែ ដើម្បីជួយអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ឆ្លើយតបនឹងការលះបង់ដ៏ធំធេងរបស់ពួកគាត់”។

ការប្រារព្ធពិធីកាន់ទុក្ខនេះ មិនមែនគ្រាន់តែជាការបង្ហាញការសោកសៅប៉ុណ្ណោះទេ តែជាការបណ្តុះស្មារតីស្នេហាជាតិ ការដឹងគុណ និងការចងចាំនូវគុណូបការៈដ៏ធំធេងរបស់វីរកងទ័ព ដែលបានពលីដើម្បីសន្តិភាព និងបូរណភាពទឹកដីកម្ពុជា៕
ដោយ ឈុន សារ៉ាត





