លោក ផាង វី អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនពលករធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃចំនួន៣២៨នាក់
AKP កំពង់ធំ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥-- លោក ផាង វី ប្រធានក្រុមការងារគណគណបក្សចុះមូលដ្ឋានឃុំទ្រា តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយបងប្អូនពលករធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃចំនួន១៣៦គ្រួសារ ស្មើនឹង៣២៨នាក់នៅឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិនិងជំនួយការភូមិផងដែរ។

ក្នុងឱកាសនោះ លោក ផាង វី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាព និងជីវភាពពុកម៉ែបងប្អូនពលករដែលទើបធ្វើមាតុភូមិនិវត្តន៍មកដល់មូលដ្ឋានគ្រប់ៗគ្នា។

លោក ផាង វី និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា បានជួបសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារ និងថវិកាជូនដល់បងប្អូនពលករបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកពីប្រទេសថៃ ចំនួន១៣៦គ្រួសារ ស្មើនឹងចំនួន៣២៨នាក់ ដោយក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា២ម៉ឺនរៀលក្នុង០១នាក់។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានប្រគេនបច្ច័យជូនព្រះចៅអធិការវត្តហប់ចំនួន៤០ម៉ឺនរៀល ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ និងប្រជាការពារចំនួន៧០នាក់ ក្នុង១នាក់ចំនួន២ម៉ឺនរៀល និងក្មេងៗចំនួន១០២នាក់ ក្នុង១នាក់ទទួលបានថវិកា៥ពាន់រៀលផងដែរ៕


ដោយ ស៊ុម វណ្ណា





