រដ្ឋបាលស្រុកបារាយណ៍បន្តជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន
AKP កំពង់ធំ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥-- លោក អួង សារឿង ប្រធានក្រុមប្រឹក្សាស្រុក លោក ឃន ចាន់ថៃ អភិបាលនៃគណៈអភិបាលស្រុកបារាយណ៍ និងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខចែកអំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៧០គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នក្នុងឃុំបាក់ស្នា និងឃុំបារាយណ៍ និងចុះត្រួតពិនិត្យការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនដល់ប្រជាពលរដ្ឋក្នុងឃុំក្រវ៉ា នៅសាលាឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។

លោក ឃន ចាន់ថៃ បានលើកឡើងថា ការលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ឆ្លុះបញ្ចាំងតាមរយៈការគាំទ្រជាសម្ភារ ស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានាជាមួយរដ្ឋបាលស្រុកបារាយណ៍។

លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាលរដ្ឋស្រុកបារាយណ៍ ខ្ញុំសូមកោតសសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមបំផុតនេះ ដើម្បីការពារកិត្យានុភាពជាតិ មាតុភូមិ និងប្រជាជន ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចទាំង២តែងតែគិតគូរពីសុខទុក្ខដល់ជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន ដើម្បីទទួលបានគ្រឿងឧបភោគបរិភោគគ្រប់ៗគ្នា។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៧០គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន ក្នុងមួយគ្រួសារទទួលបាននូវអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកាមួយចំនួនផងដែរ៕

ដោយ ស៊ុម វណ្ណា





