រដ្ឋបាលស្រុកស្ទោងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភដល់កងទ័ពជួរមុខទិសខេត្តព្រះវិហារ
AKP កំពង់ធំ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា ការជួបសំណេះសំណាលសួរសុខទុក្ខកងទ័ពជួរមុខគឺក្នុងនាមសមរភូមិក្រោយ ក្នុងឱកាសដែលលោក និងលោកប្រធានក្រុមប្រឹក្សាស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់បងប្អូនវីរកងទ័ពជួរមុខទិសព្រះវិហារដែលកំពុងការពារជាតិមាតុភូមិ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។

លោក សាយ គឹមឡម បានមានប្រសាសន៍ថា ក្នុងនាមពលរដ្ឋខ្មែរ រដ្ឋបាលស្រុកស្ទោង ខ្ញុំសូមគាំទ្រលើកទឹកចិត្ត និងកោតសរសើរខ្ពស់ដល់វីរភាពរបស់វីរកងទ័ពជួរមុខក្នុងការប្រយុទ្ធប្រឆាំងនៅតាមបន្ទាត់ព្រំដែនជួរមុខភ្នំដងរែក ដែលតែងតែបង្កជាសង្គ្រាមឈ្លានពានយ៉ាងកម្រោល និងអនុស្សធម៌ មកលើជាតិមាតុភូមិដ៏ស្រស់ផូរផង់នៃយើងដែលបានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់ និងជនស៊ីវិលបាត់បង់ជីវិតគួរឱ្យអណោចអាធមក្រៃលែង ហើយមានចេតនាបង្កឱ្យមានការខូចជាដំណំដល់ប្រាសាទបុរាណខ្មែរ ជាពិសេសប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សប្បុរសជនជិតឆ្ងាយទាំងសម្ភារថវិកាក៏ដូចជាវត្តអារាមបានចូលរួមដោយផ្ទាល់ជាមួយរដ្ឋបាលស្រុកស្ទោងក្នុងការមកជួបសំណាលនៅក្នុងឱកាសនេះ ដែលជាកាយវិកាមួយដ៏មានតម្លៃមិនអាចកាត់បាន ដែលបានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវស្មារតីជាតិនិយមក្នុងការស្រឡាញ់ជាតិមាតុភូមិ រួបរួមសាមគ្គីសហការគ្នាខ្ពស់ក្នុងគ្រាដែលប្រទេសជាតិរងការទន្ទ្រានឈ្លានពានពីចោរសៀមឥតឈប់ឈរ។

ជាមួយគ្នានេះ តំណាងវីរកងទ័ពជួរមុខរបស់យើងបានគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង សហការី និងសប្បុរសជនជិតឆ្ងាយដែលបានសហការគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខកងទ័ព និងបានចុះជួបចែកអំណោយ និងលើកទឹកចិត្តដោយផ្ទាល់ដល់វីរកងទ័ពជួរមុខទិសព្រះវិហារដែលជាស្មារតី និងការលើកទឹកចិត្តខ្ពស់បំផុតដល់វីរកងទ័ពជួរមុខឱ្យកាន់តែមានភាពក្លាហានក្នុងការការពារជាតិមាតុភូមិ បូរណភាពដែនដីខ្មែរមិនឱ្យបាត់មួយមីល្លីម៉ែត្រណាឡើយក្នុងនាមឈាមជ័រជាខ្មែរម្ចាស់ប្រទេស។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះរដ្ឋបាលស្រុកស្ទោងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនធំដល់វីរកងទ័ពជួបមុខដ៏អង់អាចក្លាហានរបស់យើង៕
ដោយ ស៊ុម វណ្ណា





