ក្រសួងមហាផ្ទៃប្រកាសហាមដាច់ខាតមិនឱ្យបណ្តាខេត្តមួយចំនួនបង្ហោះដ្រូនក្នុងរយៈពេល១៥ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងមហាផ្ទៃបានប្រកាសហាមមិនឱ្យមានបង្ហោះដ្រូនរយៈ១៥ថ្ងៃនៅតាមបណ្តាខេត្តមួយចំនួន។ យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥បានស្នើឱ្យឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តសៀមរាប និងខេត្តកំពង់ធំ ស្តីពីការហាមឃាត់ការបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន)។ នេះបើយោងតាមលិខិតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ក្នុងលិខិតនោះថា ក្នុងគោលបំណង លើកកម្ពស់ការគ្រប់គ្រងនិងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាព សង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃនិងខេត្តពាក់ព័ន្ធក្នុងកាល:ទេស:ដែលប្រទេសជាតិត្រូវបានប្រទេសថៃរំលោភបំពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង ខ្ញុំសូមធ្វើការ ណែនាំដល់ ឯកឧត្តម លោកជំទាវ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ដោយត្រូវហាមឃាត់ មិនឱ្យមានការបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) ជាដាច់ខាតក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួល បានគោលការណ៍ណែនាំនេះ។
ឯកឧត្តមអភិសន្តិបណ្ឌិតបានឱ្យដឹងទៀតថា
ក្នុងករណីមានការបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) អ្នកប្រព្រឹត្តល្មើស នឹងត្រូវទទួលទោសទណ្ឌ និងវិធានការរដ្ឋបាលតាមច្បាប់កំណត់ជាធរមាន។ ទន្ទឹមនេះ រដ្ឋបាលខេត្តត្រូវ ចាត់ចែងតាមដាន និងគ្រប់គ្រងសភាពការណ៍ខាងលើឱ្យបានម៉ឺងម៉ាត់បំផុត ព្រមទាំងធ្វើរបាយការណ៍ជារៀង រាល់ថ្ងៃជូនមកក្រសួងមហាផ្ទៃដែលមានអគ្គនាយកដ្ឋានរដ្ឋបាលជាសេនាធិការ កុំបីខាន៕
ដោយ៖ ប៊ុនរិទ្ធ





