សម្ដេចតេជោ ហ៊ុន សែន៖ ការប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី០៤ខែសីហាស្អែកនេះ ត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី០៤ខែសីហាស្អែកនេះ ត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិច បាន បង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ។ សម្ដេចតេជោបន្តថា ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬ គ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។ ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។

សម្ដេចតេជោ ក៏បានសូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើតរបស់សម្ដេច (៥សីហា២០២៥) ដែលសម្ដេចមិនអាចបើកមើល ឬបើកមើលហើយតែមិនបានឆ្លើយតប ព្រោះជាប់រវល់រឿងសង្រ្គាមនិងសន្តិភាព ដែលជារឿងស្លាប់រស់របស់ជាតិ៕
ដោយ៖ ជឹម ណារី





