រដ្ឋបាលខេត្តកំពង់ធំនិងក្រសួងការងារខិតខំស្វែងរកការងារជូនដល់ពលករកម្ពុជាដែលវិលមកពីប្រទេសថៃ
AKP កំពង់ធំ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំនិង ឯកឧត្តម ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងតំណាងនិយោជក ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៣ខែសីហាឆ្នាំ២០២៥បានចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារពលករដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង៦០០នាក់នៅឃុំសាលាវិស័យនិងឃុំទួលគ្រើលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក វណ្ណៈ សោភានិត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក ថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តកំពង់ធំ អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំជួយដល់ពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ដោយសារសង្គ្រាមឈ្លានពានពីសំណាក់ចោរសៀមមកលើប្រទេសកម្ពុជា ដែលបានបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។


ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ការបំពេញការងារនៅក្នុងស្រុកមានភាពងាយស្រួលច្រើនពោលសំបួរបែប។ ជាមួយគ្នានេះ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ ព្រោះមានប័ណ្ណ ប.ស.សនិងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេលចូលនិវត្តន៍ពីការងារ បងប្អូនមានប្រាក់សោធនទៀតផង។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំក៏បានថ្លែងអំណរគុណនិងគោរពដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី ព្រមទាំងជូនពរដល់វីរកងទ័ពដែលរងរបួសសូមឱ្យបានឆាប់ជាសះស្បើយវិញ៕
ដោយ៖ ស៊ុម វណ្ណា





