អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ការចូលរួមពីបណ្តាប្រទេសជាដៃគូសម្រាប់បទឈប់បាញ់ ឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួមក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលជោគជ័យយូរអង្វែង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ --លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ការចូលរួមរបស់បណ្តាប្រទេសជាដៃគូសម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួមក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលជោគជ័យយូរអង្វែង ជាមួយនឹងគោលដៅនាំមកនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ថែមទៀតផង ខណៈដែលប្រជាជននៃប្រទេសទាំងពីរគឺប្រាថ្នាចង់បានដូចៗគ្នានូវសុខសន្តិភាព។ ការថ្លែងបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិយ៉ាងដូច្នេះ ធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់សារជាថ្មីថា កងកម្លាំងកម្ពុជាទាំងចំនួន១៨នាក់ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីទាហានថៃចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥មកនោះ គឺថៃមិនទាន់បានបញ្ជូនត្រឡប់មកកម្ពុជាវិញនៅឡើយទេ ក្រៅតែពីកងកម្លាំងរបស់យើងចំនួន០២នាក់ដែលមានរបួសត្រូវបានភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ តែប៉ុណ្ណោះ។ លោកជំទាវ ឧត្តមសេនីយ៍ឯកបានបញ្ជាក់ទៀតថា ដូច្នេះកម្ពុជានៅតែបន្តជំរុញឱ្យភាគីថៃប្រេគល់មកវិញនូវកងកម្លាំងរបស់យើង ដែលនៅសល់ឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ទាក់ទិនទៅនឹងបញ្ហានេះលោកជំទាវឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការចរចាជាមួយភាគីថៃយ៉ាងយកចិត្តទុកដាក់បំផុត ខណៈដែលយើងក៏បានស្នើសុំឱ្យភាគីម៉ាឡេស៊ីដែលជាប្រធានអាស៊ានឱ្យជួយអន្តរាគមន៍ ដើម្បីជំរុញភាគីថៃឆាប់ប្រគល់កងកម្លាំងកម្ពុជាទាំងចំនួន១៨នាក់មកឱ្យយើងវិញឱ្យបានឆាប់រហ័ស ដោយក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា យើងនឹងមិនទុកសមាជិករបស់យើងណាម្នាក់ចោលទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
ដោយ៖ ចាន់ សុភឿន





