ឯកឧត្តម ប៉ែន បូណា៖ ថ្នាក់ដឹកនាំយើងតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា នៅក្នុងអំឡុងពេលនៃការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ យ៉ាងខ្លាំងទាំងសមរភូមិមុខ និងសមរភូមិក្រោយ។

ជាក់ស្ដែងរាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយចំពោះយោធិនពលី និងរបួសក៏ដូចជា ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹកដែលត្រូវបានជម្លៀសចេញពីតំបន់ជម្លោះទៅកាន់ជំរំមានសុវត្ថិភាពដោយចាត់ទុកការងារនេះជាការងារអាទិភាព។ ដោយឡែក លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជំទាវទី១របស់កម្ពុជាបានអញ្ជើញចូលរួមបុណ្យសពរបស់យោធិនដែលពលី ហើយបានចុះសួរសុខទុក្ខយោធិនដែលរងរបួសសម្រាកនៅតាមមន្ទីរពេទ្យ ក៏ដូចជា សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតាមជំរំសុវត្ថិភាពនានា យ៉ាងសកម្មបំផុត។

ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា «និយាយជារួមទៅនៅក្នុងអំឡុងពេលនេះ ថ្នាក់ដឹកនាំរបស់យើងគ្រប់រូប ទាំងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត រួមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់បាទ ទាំងស៊ីវិល ទាំងយោធា ឃើញថា ផ្ដោតការយកចិត្តទុកដាក់ខ្លាំងណាស់ ហើយក៏ធ្វើសកម្មភាពសស្រាក់សសម្រាំដោយមិនមានពេលសម្រាកឡើយបាទ»។
សកម្មភាពដ៏មមាញឹកសកម្មបែបនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំយើងចំពោះសុខសន្តិភាពរបស់ប្រទេសជាតិ សុខទុក្ខរបស់កងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ដូចជា សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបដោយមិនបោះបង់អ្នកណាម្នាក់ចោលសោះឡើយ។ និយាយជារួម ថ្នាក់ដឹកនាំរបស់យើង តែងតែរួមសុខរួមទុកជាមួយប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ៕
ដោយ៖ គង់ សិរីរ័ត្ន





