សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំបានប្រាប់ទៅឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់
AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ --សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ប្រាប់ទៅឯកឧត្ដម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឱ្យបណ្តេញចេញ ធី សុវណ្ណថា ពីគណបក្សប្រជាជនកម្ពុជា ហើយបានប្រាប់ទៅឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា គ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។ ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឱ្យលុបចោលនៅអត្ថបទ២ កាលពីប៉ុន្មានថ្ងៃមុន។ សម្ដេចតេជោបានបញ្ជាក់ថា ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំបានប្រាប់ទៅឯកឧត្ដម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឱ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់»។
សម្ដេចតេជោបានលើកឡើងថា ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់៕


ដោយ៖ ប៊ុនរិទ្ធ





