អ្នកនាំពាក្យក្រសួងការពារជាតិ៖ ភាគីថៃនៅតែទទួលយកសហរដ្ឋអាមរិក ចិន និងម៉ាឡេស៊ីឱ្យធ្វើជាអ្នកសង្កេតការណ៍សម្រាប់កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដដែល
AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥--អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា មានប្រសាសន៍ថា រហូតមកទល់ពេលនេះខាងភាគីថៃនៅតែរក្សាជំហរក្នុងការទទួលយកសហរដ្ឋអាមរិក ចិន និងម៉ាឡេស៊ីឱ្យធ្វើជាអ្នកសង្កេតការណ៍សម្រាប់កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងធ្វើឡើងនៅប្រទេសម៉ាឡេស៊ីទៅតាមសំណើរបស់ខាងភាគីកម្ពុជា។ ការបញ្ជាក់ជាថ្មីរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាយ៉ាងដូច្នេះ ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា យោងតាមការឯកភាពគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលើការរៀបចំកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំ ដែនទូទៅ (GBC) កន្លងទៅ ចំពោះកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ភាគីថៃបានឯកភាពជាមួយនឹងសំណើរបស់កម្ពុជាឱ្យមានវត្តមាន សហរដ្ឋអាមរិក ចិន និងម៉ាឡេស៊ីចូលរួមជាអ្នកសង្កេតការណ៍។ លោកជំទាវឧត្តមសេនីយ៍ឯកបានឱ្យដឹងទៀតថា ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅម៉ាឡេស៊ីនេះ គឺជាការកិច្ចការបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅម៉ាឡេស៊ី ដែលបាននាំមកដល់ការឯកភាពលើបទឈប់បាញ់ ហើយមកទល់ពេលនេះបានធ្វើឱ្យស្ថានការណ៍នៅតាមព្រំ ដែនកម្ពុជា-ថៃ មានសភាពល្អប្រសើរ និងស្ងប់ស្ងាត់ជាប្រក្រតីឡើងវិញ។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិដដែលបានគូសបញ្ជាក់បន្ថែមថា ការចូលរួមរបស់បណ្តាប្រទេសដៃគូទាំងឡាយ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួមក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែងជាមួយនឹងគោលដៅនាំមកនូវសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ៕

ដោយ៖ ចាន់ សុភឿន





