ថ្នាក់ដឹកនាំស្រុកបារាយណ៍ ជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយជូនដល់គ្រួសារកងទ័ពនៅសមរភូមិជួរមុខនិងគ្រួសារភៀសសឹកដែលមកស្នាក់នៅបណ្តោះអាសន្ន
AKP កំពង់ធំ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥-- លោក អួង សារឿង ប្រធានក្រុមប្រឹក្សាស្រុកលោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍និងសហការីកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២៥បានចុះជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខនិងជនភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នក្នុងឃុំចើងដើង ឃុំគគីធំនិងឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ឃន ចាន់ថៃ បានបញ្ជាក់ថាក្រុមគ្រួសារកងទ័ព ដែលបានរស់នៅជាមួយស្វាមីក្នុងទីតាំងឈរជើងរបស់អង្គភាពនាពេលកន្លងទៅ បានភៀសខ្លួន មកកាន់ស្រុកកំណើតបណ្ដោះអាសន្ន កាលពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៥ដែលទាហានឈ្លានពានរបស់ប្រទេសថៃ បានធ្វើបាញ់សន្ធាប់ដោយអាវុធធុនធ្ងន់មកលើចំណុចឈរជើង របស់កងទ័ពនិងទឹកដីរបស់កម្ពុជា។ ដោយទ្រាំមិនបាននិងការបាញ់ផ្លោង និងងការប្រើប្រាស់កម្លាំងថ្មើរជើង វាយលុកឈ្លានពានជាបន្តបន្ទាប់រៀងរាល់ថ្ងៃ ស្វាមីគាត់ បានសម្រេចបញ្ជូនភរិយានិងកូនចៅទាំងអស់មកកាន់ស្រុកកំណើតវិញជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព ហើយស្វាមីរបស់គាត់នៅបន្តកាន់អាវុធវាយទប់ទល់ជាមួយការឈ្លានពានពីពួកចោរសៀម។

ទន្ទឹមនឹងនេះលោក អួង សារឿង ប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភ និងសូមមានការជឿជាក់លើ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលមានសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែលើកទឹកចិត្តនិងចែកអំណោយដល់ភៀសសឹកគ្រប់ពេលវេលា"ទីណាមានទុក្ខលំបាកទីនោះមានសម្តចទាំង២"គិតគូរដល់មូលដ្ឋាន។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខនិងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន ក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ មី ត្រីខ ស៊ីអ៉ីវ ទឹកត្រី ទឹកសុទ្ធ និងថវិកាមួយចំនួន៕
ដោយ៖ ស៊ុម វណ្ណា





