សប្បុរសជនផ្ដល់ម៉ូតូថ្មីៗ១០គ្រឿង ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់ជូនវីរកងទ័ពជួរមុខ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥–រយៈពេលជាងមួយសប្ដាហ៍រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយ ពីសប្បុរសជននានា ជាទ្រព្យធនជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មកយ៉ាងសស្រាក់សស្រាំដដែល។ អ្វីដែលប្លែក នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ សប្បុរសជន បានប្រគល់ម៉ូតូថ្មីៗចំនួន១០ គ្រឿងមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់បន្តដល់បងប្អូនកងទ័ពជួរមុខ ដែលបានបូជាសាច់ស្រស់ ឈាមស្រល់ជូនជាតិ ដោយមិនបានបាត់បង់ទឹកដីមួយម៉ែត្រណាឡើយ។

លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២សីហា យើងបានទទួលម៉ូតូថ្មីៗ ចំនួន១០ គ្រឿងពីសប្បុរសជន យើងនិងបញ្ជូន ម៉ូតូថ្មី ទាំងនេះទៅជូនបងប្អូនកងទ័ពសមរភូមិជួរមុខភ្លាមៗ។

លោកស្រីដោ សម្ផស្ស បន្តថា៖ យេីងខ្ញុំនៅបន្តរង់ចាំទទួលអំណោយរបស់សប្បុរសជន និង សម្របសម្រួលបញ្ជូនបន្តទៅគោលដៅសមរភូមិ ជួរមុខដែលមានតម្រូវការ។ ជាមួយគ្នានេះ លោកស្រីសូមគោរព អរគុណស្មារតីខ្មែរជួយខ្មែរយើងជាខឿន ការពារជាតិប្រជាជន ស្មារតីខ្មែរតែមួយ។ គិតត្រឹម ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តទទួលនូវការបរិច្ចាគជាថវិកាសរុបចំនួន១.២១៧.៩៩១.៦៨៩ រៀលនិងប្រាក់ដុល្លារ ៣៧៤. ៦១៥,០០ ដុល្លារអាម៉េរិក ជាមួយនិងសម្ភារៈគ្រឿង ឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខទៀត។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងស្មារតីខ្មែរជួយជាតិខ្មែរ។នេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រឡាញ់ ខ្មែរ៕
ដោយ៖ សួស សំរិត





