រដ្ឋមន្រ្តីក្រសួងវប្បធម៌អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅវត្តពោធិ៍៥ពាន់ដើម ខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ -- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលបានភៀសសឹកពីតំបន់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទព្រះវិហារ មកតាំងទីលំនៅបណ្តោះអាសន្ននៅក្នុងបរិវេណវត្តពោធិ៍៥ពាន់ដើម ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥។

ជាមួយគ្នានោះលោកជំទាវបណ្ឌិតសភាចារ្យក៏បានសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងជាទីបំផុតចំពោះវីរកងទ័ពកម្ពុជាដែលបានពលី ពិការ និងរបួស នៅក្នុងសង្រ្គាមកាលពីពេលកន្លងទៅថ្មីៗនេះ។ លោកជំទាវបណ្ឌិតសភាចារ្យក៏បានចាត់ទុកថា ការលះបង់សាច់ស្រស់ ឈាមរបស់របស់កងទ័ពកម្ពុជា នាពេលនេះ ជាការចងចាំពុំភ្លេច និងដិតជាប់ដួងចិត្តរបស់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតតទៅ និងសូមឱ្យដួងវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាដែលបានពលី សូមបានទៅកាន់ឋានស្ងប់សុខ។

សូមជម្រាបជូនថា អំណោយដែលបាននាំទៅផ្តល់ជូនជនភៀសសឹកនៅវត្តពោធិ៍៥ពាន់ដើម នាពេលនោះរួមមាន៖ តង់ចំនួន២០០ សាច់ជ្រូកផាត់៥០គ.ក ត្រីផាត់៥០គ.ក ត្រីងៀត៥០គ.ក ឆៃប៉ូវផ្អែម៩០គ.ក ស្ករគ្រាប់កូនក្មេង២០កេស ទឹកគោកូនក្មេង៥០ ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរ ប្រេងឆា៣០កេស សៀងផ្អែម៥០កាដុង ឡេលាបការពារមូស១៥០ដប សាប៊ូកក់សក់ម៉ាកក្លិន១០កេស សាប៊ូដុសខ្លួនម៉ាកក្លិន៣០០ដុំ សាប៊ូបោកសម្លៀកបំពាក់៥០០ក្រាម ចំនួន១០កេស ថ្នាំស្មិកតា១កេស ថ្នាំដូលីប្រាណ១កេស សារ៉ូដូលីប្រាណ៥កេស ច្រាស់ដុសធ្មេញ៥០ឡូ ថ្នាំដុសធ្មេញ៥០ឡូ ទឹកផ្លែឈើ៥០កេស ទឹកបរិសុទ្ធអូរ៉ាល់៣០កេស ខោទឹកនោមកូនក្មេង២០កេស ខោអាវ៤១កំប្លេ និងថវិកា១០លានរៀល៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





