រដ្ឋាភិបាលជប៉ុនសន្យាផ្តល់ការគាំទ្រដល់កម្ពុជា និងរក្សាបទឈប់បាញ់ប្រកបដោយនិរន្តរភាព
AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋាភិបាលជប៉ុនសន្យាផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការស្តារឡើងវិញនូវការខូចខាតដោយសារជម្លោះជាមួយប្រទេសៃកាលពីពេលថ្មីៗនេះ និងធ្វើយ៉ាងណារក្សាបទឈប់បាញ់រវាងកម្ពុជា និងថៃឱ្យបានយូរអង្វែង និងប្រកបដោយនិរន្តរភាព។

តាមឯកឧត្តម អ៊ូអិណុ ឯកអគ្គរាជទូតជប៉ូនប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ខ្លឹមសារខាងលើនេះប្រាប់ដល់អ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពជនភៀសសឹកជាង ១.០០០គ្រួសារដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តប្រាសាទបន្ទាយស្រី ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះរួមជាមួយបណ្តាអង្គទូតបរទេស និងអង្គការអន្ដរជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ឯកឧត្តមរាជទូតបានថ្លែងថា «ខ្ញុំសូមចូលរួមសោកស្តាយ និងរំលែកទុក្ខដល់ក្រុមគ្រួសារនៃកងទ័ពដែលបានពលីជីវិត និងអ្នកដែលបានរងគ្រោះក្នុងសមរភូមិរវាងកម្ពុជា និងថៃកាលពីពេលថ្មីៗនេះ»។ ជាមួយគ្នានេះ ខ្ញុំសង្ឃឹមថា សន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញឱ្យបានលឿនបំផុត។ រដ្ឋាភិបាលជប៉ុន និងខ្ញុំផ្ទាល់ នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវចំណុចនេះ»។

ក្នុងឱកាសនៃការចុះពិនិត្យដល់ទីតាំងជនភៀសសឹកនោះ ឯកឧត្តមអគ្គរាជទូតបានថ្លែងឱ្យដឹងថា កម្ពុជារក្សាបានយ៉ាងល្អនូវបទឈប់បាញ់ដែលសម្រេចបាន និងបានចូលជាធរមានកាលពីម៉ោង ១២:០០យប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ហើយភាគីទាំងពីរនឹងអង្គុយនៅតុចរចាជាមួយគ្នាធ្វើយ៉ាងណារក្សាឱ្យបានយូរអង្វែងនូវបទឈប់បាញ់គ្នានេះ។
មួយវិញទៀត កិច្ចប្រជុំ GBC នៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ គឺជាជំហានបន្ទាប់មួយដ៏សំខាន់រវាងភាគីទាំងពីរ ហើយលោកសង្ឃឹមថា កិច្ចប្រជុំ GBC នេះនឹងនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា និងសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ៕
ដោយ៖ យា ចិន្តាខន្តី





