ឯកឧត្តម ជុំ សុន្ទរី៖ រាល់ការចោទប្រកាន់ពីភាគីថៃ កម្ពុជាទាមទារឱ្យមានការផ្ទៀងផ្ទាត់រួមក្រោមការត្រួតពិនិត្យរបស់អាស៊ាន ជាជាងការធ្វើការចោទប្រកាន់ជាឯកតោភាគី
AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ -- ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា ក្រសួងការបរទេសបដិសេធដាច់អហង្ការនូវការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលធ្វើការបកស្រាយខុសពីការពិតនូវហេតុការណ៍ដែលបានកើតឡើងពាក់ព័ន្ធការវាយប្រយុទ្ធគ្នានៅតាមព្រំដែនក្នុងពេលថ្មីៗនេះ ក៏ដូចជាការអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់។

ក្រសួងក៏សួមអះអាងជាថ្មីម្ដងទៀតថា កម្ពុជាប្រកាន់នូវការតាំងចិត្តយ៉ាងពេញលេញចំពោះការគោរពកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ ហើយសួមបញ្ជាក់ពីការតាំងចិត្តនិងអនុវត្តដោយការអត់ធ្មត់ ស្របតាមការកំណត់របស់កិច្ចព្រមព្រៀង។
ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី០២ សីហានេះ ឯកឧត្តម អ្នកនាំពាក្យក្រសួងការបរទេស បានបន្តថា កម្ពុជាសូមលើកឡើងជាថ្មីម្ដងទៀត អំពីការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការរំលោភបទឈប់បាញ់ដោយកម្ពុជា។ កម្ពុជាអំពាវនាវសុំឱ្យមានការបេសកកម្មសង្កេតការណ៍ឯករាជ្យរបស់អាស៊ាន ដើម្បីធានាបាននូវការវាយតម្លៃជាសត្យានុម័តចំពោះសភាពការណ៍ដែលកើតមាននៅតំបន់ទាំងសងខាងរបស់ព្រំដែន។ ដើម្បីធានានូវការអនុវត្តដោយត្រឹមត្រូវនូវកិច្ចឈប់បាញ់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក៏សូមបដិសេធយ៉ាងដាច់អហង្ការផងដែរចំពោះការចោទប្រកាន់របស់ថៃអំពីការវាយប្រហារទៅលើជនស៊ីវិលដោយកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា។ កងទ័ពរបស់កម្ពុជាបានធ្វើសកម្មភាពដោយគោរពប្រតិបត្តិយ៉ាងត្រឹមត្រូវទៅតាមច្បាប់មនុស្សធម៌អន្តរជាតិដើម្បីជៀសវាងនូវការបង្កនូវគ្រោះថា្នក់ទៅដល់ប្រជាជនស៊ីវិល។
ឯកឧត្តម អ្នកនាំពាក្យក្រសួងការបរទេស បានគូសបញ្ជាក់ថា«ក្នុងន័យ(ខាងលើ)នេះ កម្ពុជាទាមទារឱ្យមានការផ្ទៀងផ្ទាត់រួមក្រោមការត្រួតពិនិត្យរបស់អាស៊ាន ជាជាងការធ្វើការចោទប្រកាន់ជាឯកតោភាគីដើម្បីបំភាន់សាធារណមតិ»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមគូសបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការគោរពច្បាប់អន្តរជាតិ និងធ្វើឱ្យភាពតានតឹងមានការថយចុះ ហើយនិងការបន្តគោរពតាមធម្មនុញ្ញរបស់អាស៊ាន ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់ ហើយកម្ពុជាក៏រំពឹងថា នឹងមានការថយចុះនូវភាពតានតឹងតាមរយៈកិច្ចប្រជុំរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅក្នុងពេលខាងមុខនេះ៕
ដោយ៖ គង់ សិរីរ័ត្ន





