ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ទៅឧបត្ថម្ភដល់កងទ័ពជួរមុខនៅបន្ទាយមានជ័យ
AKPបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥--
គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្ដម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទៅប្រគល់ជូនដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការអមដំណើរដោយឯកឧត្ដម អៀង ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្ដម យឹម គង់លី ទីប្រឹក្សាក្រសួងមហាផ្ទៃ, ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត។


ក្នុងឱកាសនោះ ឯកឧត្ដម ផាន់ ចាន់ធុល បានថ្លែងនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចក្រឡាហោម ស ខេង, ព្រមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់វីរកងទ័ពជួរមុខទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
អំណោយដែលបាននាំយកទៅប្រគល់ជូនកងទ័ពជួរមុខនាពេលនេះរួមមាន បន្លែបង្ការជិត ៦តោន, ទឹកបរិសុទ្ធ, និង ស្បៀងអាហារ មួយចំនួនទៀត ដែលជាការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ផាន់ ចាន់ធុល បានថ្លែងបញ្ជាក់យ៉ាងច្បាស់អំពីការដឹងគុណចំពោះវីរភាព និងការលះបង់របស់កងទ័ពជួរមុខ។ ឯកឧត្ដមបានលើកឡើងថា "ក្នុងនាមខ្ញុំបាទ និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលនៅសមរភូមិក្រោយ សូមថ្លែងការគោរពអរគុណ និងដឹងគុណជានិច្ចចំពោះវីរភាពរបស់វីរកងទ័ពជួរមុខទាំងអស់គ្នា។ យើងដែលនៅសមរភូមិក្រោយ គឺបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពារខឿនសន្តិសុខជាតិ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងគ្រប់ពេលវេលាដល់វីរកងទ័ពជួរមុខ ដើម្បីរួមគ្នាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឱ្យខាងតែបាន"។

ប្រសាសន៍នេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការគាំទ្រដ៏រឹងមាំពីប្រជាជនកម្ពុជាចំពោះកងទ័ពដែលកំពុងបំពេញភារកិច្ចនៅតាមព្រំដែន។ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្នុងការផ្តល់ការគាំទ្រគ្រប់បែបយ៉ាង គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់កងទ័ពជួរមុខក្នុងការការពារជាតិមាតុភូមិ៕
ដោយ៖ ឈុនសារ៉ាត





