រដ្ឋមន្ត្រីក្រសួងអប់រំវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយសម្របសម្រួលដល់ការសិក្សារបស់សិស្សក្នុងពេលជម្លៀសដោយសារជម្លោះប្រដាប់អាវុធ
AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្ដបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់នៃខេត្តឧត្តរមានជ័យ ដែលបានបន្តបំពេញភារកិច្ចបង្រៀន ក៏ដូចជាអាជ្ញាធរខេត្តដែលបានជួយសម្របសម្រួលដល់ការសិក្សារបស់សិស្សក្នុងពេលជម្លៀសគ្រាមានជម្លោះប្រដាប់អាវុធ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រដល់ប្រជាជន និងសិស្សានុសិស្សនៅខេត្តឧត្តរមានជ័យឱ្យបន្តការសិក្សារៀនសូត្រតាមរយៈការផ្តល់សៀវភៅ សម្ភារសិក្សា និងសម្ភារចាំបាច់ផ្សេងៗ។
ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដូចនេះ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខជាមួយបុគ្គលិកអប់រំ សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។


ឯកឧត្ដបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្លែងថា ដោយយល់ឃើញពីស្ថានភាពរបស់សិស្សានុសិស្សដែលត្រូវជម្លៀសគឺភាគច្រើនមិនបានយកសៀវភៅសិក្សាគោលមកតាមនោះទេ ដូច្នេះក្រសួងបានរៀប ចំយន្តការគាំទ្រក្នុងការផ្តល់សៀវភៅសិក្សាគោលឱ្យបានពេញលេញជូនដល់ក្មួយៗសិស្សានុសិស្សគ្រប់រូបដែលបានជម្លៀសខ្លួន ដើម្បីអាចបន្តការសិក្សាបានដោយខ្លួនឯងឱ្យទាន់មុនពេលបើកបវេសនកាលឆ្នាំថ្មី ដោយក្នុងឱកាសនេះ ក្រសួងអប់រំ យុវជន និងកីឡាបាននាំយកនូវសម្ភារសិក្សា សម្ភារប្រើប្រាស់ចាំបាច់នានា ក៏ដូចជាគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាការឧបត្ថម្ភផ្ទាល់ពីក្រសួង និងទទួលបានពីសប្បុរសជន ដើម្បីផ្តល់ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ សម្រាប់បែងចែកបន្តទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនដែលរងផលប៉ះពាល់។ ទន្ទឹមនឹងនេះ ក្រសួងក៏មានផែនការជួសជុល និងកសាងអគារសាលារៀនដែលខូចខាតឡើងវិញ ដើម្បីឱ្យសិស្សានុសិស្សអាចសិក្សារៀនសូត្រក្នុងបរិយាកាសល្អប្រសើរ ខណៈដែលក្រសួងក៏មានផែនការផ្តល់អាទិភាពដល់ការអភិវឌ្ឍនៅតំបន់ជាយដែននេះផងដែរ។

ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ ឯកឧត្ដបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ក្រសួងសម្រេចថានឹងរៀបចំធ្វើនៅទីរួមស្រុកពួក ខេត្តសៀមរាប។ ដូច្នេះសូមមន្ទីរយកចិត្តទុកដាក់ និងសហការជាមួយមន្ទីរខេត្តសៀមរាប និងត្រៀមរៀបចំកន្លែងស្នាក់នៅ និងកន្លែងប្រឡង ហើយចំពោះសិស្សដែលកំពុងភៀសខ្លួនទៅខេត្តផ្សេង ក្រសួងអនុញ្ញាតិឱ្យប្រឡងនៅទីតាំងនោះតែម្តង៕
ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងអប់រំ





