ឯកឧត្តមបណ្ឌិតអភិបាលខេត្តអញ្ជើញសួរសុខទុក្ខ យោធិនរងរបួសដោយសារសង្គ្រាមឈ្លានពានរបស់ថៃ
AKP កំពង់ស្ពឺ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការី នៅព្រឹកថ្ងៃសៅរ៍ទី០២ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញទៅចុះសួរសុខទុក្ខព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ ជូនកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាល របួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ ថវិកា ៥លានរៀល និងសម្ភារៈមួយចំនួនទៀតសួរសុខទុក្ខយោធិនរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។


គ្រានោះឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺបានកោតសរសើរនិងគោរពដល់វីរភាពកងទ័ពជួរមុខដ៍អង់អាចក្លាហាននិង ជូនពរឱ្យឆាប់ជាសះស្បើយនិងផ្តាំផ្ញើដល់វីរកងទព័ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសុំឱ្យ បងប្អូនធ្វើចិត្តឱ្យស្ងប់ក្នុងការមើលថែសុខភាពឱ្យបានល្អ។ ខណៈប្រជាពលរដ្ឋ និងកងទ័ពជួរមុខបានលះបង់ការពារបូរណភាពដែនដី កម្ពុជាយ៉ាងអង់អាចក្លាហាន។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ពេលវេលានេះយើងត្រូវរួមគ្នាដើម្បីអនាគតកម្ពុជាគឺជាពេលវេលា ដែលត្រូវកំណត់។ ប្រទេសរបស់យើងមិនត្រឹមតែត្រូវស្តារឡើងវិញពីរបួសភ្លាមៗនៃជម្លោះប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែពង្រឹងមូលដ្ឋានគ្រឹះរបស់ខ្លួនសម្រាប់អនាគតផងដែរ។ ការណ៍នេះនឹងតម្រូវឱ្យមានការខិតខំប្រឹងប្រែងពីគ្រប់ស្ថាប័នដូចជា រដ្ឋាភិបាល អង្គការសហគមន៍ និងបុគ្គលម្នាក់ៗ។ យើងត្រូវតែរួបរួមគ្នា កៀកស្មាគ្នា គាំទ្រគ្នាទៅវិញទៅមកទាំងផ្នែកហិរញ្ញវត្ថុ សម្ភារ ផ្លូវចិត្ត និងផ្លូវកាយ។

សូមរម្លឹកផងដែរថា យោធិនរបួសមានឈ្មោះរិទ្ធ សុខនឿន អាយុ ៣៧ ឆ្នាំឋានន្តរសក្តិព្រឹន្ទបាលទោអង្គភាព វរសេនាតូចលេខ ២ចំណុះកងពលតូអន្តរាគមនលេខ១ ទីលំនៅបច្ចុប្បន្ន ភូមិវិហារខ្ពស់សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្កកំពង់ស្ពឺ ឈរជើងនៅចំណុច ស្រះទឹកជណ្តើរបុរាណប្រាសាទព្រះវិហាររងរបួសកាលពីយប់ ថ្ងៃទី២៥ ខែកក្កដា២០២៥នៅចំណុច ចន្លោះផ្លូវបំបែកតាថាវ និងភ្នំ៣៣៣ជាទីតាំង សមរភូមិប្រយុទ្ធជាមួយចោរឈ្លានពានថៃសព្វថ្ងៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា៕
ដោយ៖ លឹម សាន្ត





