ស្ថានទូតចិនផ្តល់ថវិកាចំនួន ១០០.០០០ដុល្លារអាម៉រិកដល់ជនស៊ីវិលដែលភៀសខ្លួននៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ -- ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ១០០.០០០ដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ជនស៊ីវិលដែលភៀសខ្លួនដោយការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធកាលពីពេលថ្មីៗនេះនៅតាមព្រំដែនកម្ពុជា-ថៃ។
ជំនួយនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅនៅជំរុំជនភៀសខ្លួនវត្តភ្នំថ្មកំបោរ ក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ការប្រកាសនេះធ្វើឡើងដោយឯកឧត្តម វ៉ាង វិនប៊ីង (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅក្នុងបណ្ដាញសង្គមនៅព្រឹកនេះ។ បើយោងតាមឯកឧត្តមឯកអគ្គរដ្ឋទូត បានឱ្យដឹងថា ជំនួយផ្នែកហិរញ្ញវត្ថុនេះមានគោលបំណងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ជនភៀសខ្លួន។
លោកបានថ្លែងថា «យើងសង្ឃឹមថា ជនរងគ្រោះនៃជម្លោះអាចវិលត្រឡប់ទៅផ្ទះវវិញក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន»។

ឯកអគ្គរដ្ឋទូត វ៉ាង វិនប៊ីង គឺជាផ្នែកមួយនៃគណៈប្រតិភូឯកអគ្គរដ្ឋទូតបរទេស និងអ្នកតំណាងមកពីប្រទេសចំនួន២២ និងអង្គការអន្តរជាតិចំនួន៤ ដែលបានធ្វើទស្សនកិច្ចកាលពីម្សិលមិញទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នាតាមព្រំដែននាពេលថ្មីៗនេះ និងបានទៅកាន់ជំរុំជនភៀសខ្លួននៅក្នុងខេត្តឧត្តរមានជ័យ។
ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកដែលបានបាត់បង់ជីវិត និងចូលរួមរំលែកទុក្ខដល់អ្នកដែលរងផលប៉ះពាល់ដោយជម្លោះ។ ពួកគេក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបានជំរុញទាំងកម្ពុជា និងថៃឱ្យគោរពបទឈប់បាញ់នេះ ហើយធ្វើការឆ្ពោះទៅរកដំណោះស្រាយយូរអង្វែង និងដោយសន្តិវិធី៕
ដោយ: យា ចិន្តាខន្តី





