អាជ្ញាធរខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី០១ ខែសីហាឆ្នាំ២០២៥ ជនភៀសសឹករស់នៅក្នុងជំរំមួយចំនួន បានវិលត្រឡប់ចូលមករស់នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុកវិញជាបណ្តើរៗហើយ
AKP ឧត្តរមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥–លោក ម៉េត មាសភក្តីអភិបាលរងខេត្តឧត្តរមានជ័យ បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី០១ខែសីហា ឆ្នាំ២០២៥ ជនភៀសសឹករស់នៅក្នុងជំរំមួយចំនួន រួមទាំងអ្នកដែលបានជម្លៀសចេញពីលំនៅដ្ឋាន កាលពីពេលមានសង្គ្រាមរវាងកងទ័ពកម្ពុជា ជាមួយទាហានឈ្លានពានថៃ បានវិលត្រឡប់ចូលមករស់នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុកវិញជាបណ្តើរៗហើយ នៅខេត្តឧត្តរមានជ័យ ។


លោក ម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីមានការផ្ទុះសង្គ្រាមអស់រយៈពេលចំនួន៥ថ្ងៃ រវាងកងទ័ពកម្ពុជា ជាមួយទាហានឈ្លានពានថៃកន្លងមក និងមានបទឈប់បាញ់ ដោយអនុវត្តចាប់ពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៥ គិតត្រឹមរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះជនភៀសសឹកដែលស្នាក់នៅក្នុងជំរំមួយចំនួន រួមទាំងអ្នកដែលបានជម្លៀសចេញពីលំនៅដ្ឋាន កាលពីសង្គ្រាមរវាងកងទ័ពកម្ពុជា ជាមួយទាហានឈ្លានពានថៃ ទៅតាមបណ្តារាជធានី ខេត្ត បានវិលត្រឡប់ចូលមករស់នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុកវិញជាបណ្តើរៗ នៅខេត្តឧត្តរមានជ័យ ។


លោកបានបន្ថែមទៀតថា ជំរំទាំង៧បានកាត់បន្ថយមកត្រឹម៦ទីតាំងជនភៀសសឹកកំពុងរស់នៅក្នុងជំរំ បានថយចុះមកត្រឹម ៨៦៧៥គ្រួសារ ស្មើ៣១៥០៥នាក់ ។ ចំណែកសភាពការណ៍ ចរន្តប្រជាពលរដ្ឋរស់នៅតាមបណ្តាក្រុងស្រុកទាំង៥ បានការវិលត្រឡប់ចូលមករស់នៅក្នុងមូលដ្ឋានភូមិឃុំ ស្រុកវិញ ស្រុកបន្ទាយអំពិលមានប្រមាណ៣០ភាគរយ ក្រុងសំរោងមានប្រមាណ៨០ភាគរយ ស្រុកអន្លង់វែងមានប្រមាណ៩០ភាគរយ ស្រុកត្រពាំងប្រាសាទមានប្រមាណ៧០ភាគរយ និង ស្រុកចុងកាល់ស្ទើរតែទាំងអស់ ៕


ដោយ៖ ទិត ស្រ៊





