សភាជាន់ទាបថៃអនុម័តទៅលើការលុបចោលបទបញ្ជាសំខាន់ៗរបស់របបយោធា
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ -- សភាតំណាងរាស្រ្តថៃ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានអនុម័តទៅលើការលុបចោលនូវបទបញ្ជាសំខាន់ៗចំនួន៥៥ ដែលត្រូវបានដាក់ចេញដោយក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ដែលជារបបយោធាពីមុន។
សំណើនេះត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួន ៤០២សំឡេង ដោយមិនមានសំឡេងប្រឆាំង ហើយអនុប្បវាទម្នាក់ និងសមាជិកមិនបោះឆ្នោតចំនួន ៣នាក់។ វានឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាដើម្បីពិចារណា។
នៅក្នុងសម័យប្រជុំដែលដឹកនាំដោយអនុប្រធានទី១ នៃសភាតំណាងរាស្រ្តថៃ លោក ពីចិត្ត ជូមឿងផាន (Pichet Chuamuangphan) សមាជិកសភាបានពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ដែលស្នើឱ្យលុបចោលបទបញ្ជា និងការជូនដំណឹងផ្សេងៗរបស់ក្រុមប្រឹក្សា NCPO ដែលលែងចាត់ទុកថាមានការចាំបាច់ ឬសមស្របនៅក្នុងបរិបទនាពេលបច្ចុប្បន្នទៀត។
ទន្ទឹមនឹងនេះដែរ បទបញ្ជាចំនួន ២២ផ្សេងទៀតរបស់ក្រុមប្រឹក្សា NCPO នៅតែជាធរមាន បើទោះបីជាមានតម្រូវការសម្រាប់វិសោធនកម្មច្បាប់មុននឹងលុបចោល ឬដោយសារភ្នាក់ងារពាក់ព័ន្ធបានស្នើសុំរក្សាទុកដោយរង់ចាំការកែសម្រួលច្បាប់ពាក់ព័ន្ធក៏ដោយ។
ក្រុមប្រឹក្សា NCPO ដឹកនាំដោយលោកឧត្តមសេនីយ ប្រាយុធ ចាន់អូចា (Prayut Chan-o-cha) ត្រូវបានបង្កើតឡើងបន្ទាប់ពីរដ្ឋប្រហារយោធាដែលបានទម្លាក់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) កាលពីក្នុងខែឧសភា ឆ្នាំ២០១៤ កន្លងទៅ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





