ឯកឧត្តម គួច ចំរើន កោតសរសើរដល់ប្រជាពលរដ្ឋស្រុកស្អាង ដែលបានចូលរួមឧបត្ថម្ភជាស្បៀងអាហារជូនដល់កងទ័ពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
AKP កណ្ដាល ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងកោតសរសើរដល់ប្រជាពលរដ្ឋស្រុកស្អាង ដែលបានចូលរួមឧបត្ថម្ភជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាផ្ទាល់ខ្លួន តាមរយៈរដ្ឋបាលស្រុកស្អាង ជូនដល់កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន០៣ភូមិ សរុប ២៤៩០បណ្ណ គឺភូមិចុងកោះគរ ភូមិប៉ារែនលើ និងភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដម ឈឿន ប៊ុនណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបយីកម្ម និងសំណង់ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តកណ្ដាលបានបន្តថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្អាង ក្នុងការឧបត្ថម្ភជាស្បៀង សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាផ្ទាល់ខ្លួននេះ គឺសបញ្ជាក់ឱ្យឃើញថា អ្នកជួរក្រោយគាំទ្រទាំងស្មារតី ឧបត្ថម្ភទាំងសម្ភារ និងថវិកាផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្តគ្រប់ពេលដល់កងកម្លាំងនៅជួរមុខ ក្នុងការការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មោះមុត ក្នុងស្មារតីស្នេហាជាតិមាតុភូមិរបស់យើង។ ក្នុងន័យនេះខ្មែរយើងរួបរួមគ្នាជាធ្លុងមួយ គ្មានសត្រូវណាអាចឈ្លានពានបានឡើយ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





