ឯកឧត្តម ឌិត ទីណា៖ រាជរដ្ឋាភិបាលបន្តមើលថែពលរដ្ឋភៀសខ្លួន ទោះបទឈប់បាញ់ចូលជាធរមានក៏ដោយ
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអះអាងថា ទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តនៅតែបន្តយកចិត្តទុកដាក់មើលថែពុកម៉ែបងប្អូនជនភៀសខ្លួនទាំងអស់ រហូតដល់ស្ថានភាពនៅតំបន់ព្រំដែនមានស្ថិរភាពពេញលេញ ដែលអនុញ្ញាតឱ្យពួកគាត់អាចត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព។

ការថ្លែងបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីបានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅចែកជូនដល់បងប្អូនជនភៀសសឹកចំនួន៦០០គ្រួសារ។ ជនភៀសសឹកទាំងនេះបានជម្លៀសខ្លួនពីតំបន់សមរភូមិមុខក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ មកកាន់ទីតាំងសុវត្ថិភាពក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ។ ក្នុងពិធីនេះ ក៏មានការអមដំណើរដោយឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងប្រតិភូអមដំណើរ និងក្រុមការងារចុះជួយស្រុកផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានាសុវត្ថិភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះ។ ទោះបីស្ថានភាពមានភាពធូរស្រាល និងបទឈប់បាញ់បានចូលជាធរមានក្តី ក៏ការយកចិត្តទុកដាក់នេះមិនត្រូវបានបញ្ឈប់ឡើយ រហូតទាល់តែប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយមានទំនុកចិត្ត និងសុវត្ថិភាពពេញលេញ។

សូមបញ្ជាក់ថាក្នុងពិធីចែកអំណោយនេះ ក៏មានការអមដំណើរដោយឯកឧត្ដមសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផងដែរ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរបស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋរងគ្រោះ។ អំណោយដែលបានចែកជូនរួមមាន ស្បៀងអាហារ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងថវិកាមួយចំនួនសម្រាប់ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ៕

ដោយ ឈុន សារ៉ាត





