កសិករថ្មីចំនួន៧០គ្រួសារនៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ចូលសហគមន៍កសិកម្មទំនើប
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥-- ចាប់ផ្តើមបន្តការងារសហគមន៍នៅតាមមូលដ្ឋានឡើងវិញ ដើម្បីឱ្យទាន់ការបង្កបង្កើនផលរដូវកាលថ្មី។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមបានបន្តថា មិនថាស្ថានការណ៍នៅតាមព្រំដែនបែបណាទេ ការដោះស្រាយជីវភាពប្រចាំថ្ងៃរបស់បងប្អូនកសិករយើងនៅតែចាំបាច់ ជាពិសេសការបន្តនិរន្តភាពនៃផលិតកម្មស្បៀងក្នុងកាលៈទេសៈបែបនេះ។

កសិករក្រុមថ្មីចំនួន៧០គ្រួសារ ជាមួយនឹងផ្ទៃដីជាង១០០០ហិកតា នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដោយចំណុះឱ្យសហគមន៍ «អភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ» ដែលជាសហគមន៍មានស្រាប់នៅក្នុងស្រុកតែមួយ ដែលធ្វើឱ្យសហគមន៍ទំនើបមួយនេះនឹងមានផ្ទៃដីផលិតកម្មកើនដល់ចន្លោះ ៣០០០-៤០០០ហិកតា ក្នុងរដូវកាលថ្មី សម្រាប់ផលិតកម្មស្រូវស្រង៉ែស្រាល និងស្រូវសែនក្រអូប៕

ដោយ ណយ នឿន





