ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះពិនិត្យស្ថានភាពស្នាក់នៅ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកនៅទីទួលសុវត្ថិភាព ខេត្តឧត្តរមានជ័យ
AKP ឧត្តរមានជ័យ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបន្តដំណើរចុះពិនិត្យស្ថានភាពស្នាក់នៅ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកនៅទីទួលសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ។

ក្នុងជំនួបនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានពាំនាំការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារប្រើប្រាស់ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងសុខាភិបាល ដើម្បីអាចជួយដោះស្រាយជីវភាពបងប្អូនប្រជាពលរដ្ឋ ក្នុងស្ថានភាពលំបាកនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមកន្លែងស្នាក់នៅ និងណែនាំអំពីការថែទាំសុខភាព ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ហូបស្អាត សម្រាកក្នុងមុងបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុនចាញ់ និងចម្អិនអាហារឱ្យបានឆ្អិនល្អ ចៀសវាងការបង្កជាជំងឺរាគរូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកសេវាសុខាភិបាល នៅទីតាំងសុខាភិបាល ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យបានចុះសួរសុខទុក្ខមន្រ្តីសុខាភិបាលនៅស្តង់ប្រចំាការសុខភាព និងសំដែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាល ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមោះមុត ក្នុងនាមជាកងទ័ពអាវស៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





