មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននាំយកអំណោយសប្បុរជនប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក ខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥-- ដោយតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដម ឆេង គឹមស៊ុន និងឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន តំណាងសប្បុរសជន បាននាំយកគ្រឿង ឧបភោគ បរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ប្រគល់ជូនវីរកងទ័ពជួរមុខនៅទីស្នាក់ការអគ្គភស្តុភារប្រចាំទិសទី១ យោធភូមិភាគទី៤ ខេត្ដព្រះវិហារ និងទីតាំងជនភៀសសឹកចំនួន២១៥គ្រួសារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

សូមបញ្ជាក់ផងដែរ អំណោយដែលយកទៅប្រគល់ជូនវីរកងទ័ព និងជនភៀសសឹកនាឱកាសនេះ ជាអំណោយទទួលបានពីឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសប្បុរសជន ក្នុងស្រុកអូររាំងឪ និងបានប្រគល់ជូនឧត្ដមសេនីយ៍ទោ ស៊ិន ស៊ីណាត នាយករងនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ប្រចាំទិសទី១ យោធភូមិភាគទី៤ និងជនភៀសសឹកផ្ទាល់ក្នុងខេត្តព្រះវិហារ។ ស្មារតីខ្មែរជួយខ្មែរ ជាខឿនការពារជាតិដ៏រឹងមាំ ការណ៍នេះសបញ្ជាក់ឱ្យឃើញថា ប្រជាជនខ្មែរបានរួបរួមសាមគ្គី ទាំងកងកម្លាំង ជួរមុខ និងអ្នកនៅជួរក្រោយ។

សូមរំឭកផងដែរថា អំណោយសប្បុរសជនស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាការស្ម័គ្រចិត្ដចូលរួមពីសំណាក់មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវកម្ម ក្នុងស្រុកអូររាំងឪ ដែលត្រូវបានដឹកនាំដោយលោក ជៀប សំអាត អភិបាលរង តំណាងលោក ជា ណារ៉ុន អភិបាលនៃគណ:អភិបាលស្រុកអូររាំងឪ និងតំណាងសមាគមចិនលោក សេង គ្រី ផងដែរ៕


ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងបរិស្ថាន)





