ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ត្រូវត្រៀមជានិច្ច ត្រៀមថ្ងៃនេះសម្រាប់ថ្ងៃស្អែក និងត្រៀមផែនការបម្រើសុខភាពបងប្អូនប្រជាពលរដ្ឋយើងសម្រាប់ថ្ងៃបន្តបន្ទាប់ទៀត
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមជានិច្ច ត្រៀមថ្ងៃនេះសម្រាប់ថ្ងៃស្អែក និងត្រៀមផែនការបម្រើសុខភាពបងប្អូនប្រជាពលរដ្ឋយើងសម្រាប់ថ្ងៃបន្តបន្ទាប់ទៀត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីបានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលឯកឧត្តមធ្វើដំណើរចុះពិនិត្យដោយផ្ទាល់ក្នុងខេត្តព្រះវិហារ និងបណ្តាខេត្តជាប់ព្រំដែន នារសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តមសាស្រ្តាចារ្យបានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំសុខាភិបាលលើកទី២ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការយុទ្ធសាស្រ្តបន្ថែមទៀត ក្នុងការគាំទ្រសេវាថែទាំសុខភាព និងសង្គ្រោះបន្ទាន់ នៅតំបន់ព្រំដែន ជាពិសេសតំបន់ដែលប្រឈមហានិភ័យខ្ពស់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom)។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានសម្ដែងការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះវីរកងទ័ពនៅសមរភូមិមុខ ដែលលោកកំពុងតស៊ូការពារបូរណភាពទឹកដី ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ ដែលទទួលប្រចាំការនៅតាមទីតាំងនីមួយៗ ខិតខំព្យាយាមក្នុងការថែទាំសុខភាពជូនដល់បងប្អូនប្រជាជនជម្លៀសខ្លួន និងវីរកងទ័ពរបស់យើងទាំងអស់ ហើយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូននូវអនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីការបំពេញការងារចំបាច់នៅចំពោះមុខ កាន់តែប្រកបដោយភាពរលូន និងការពិនិត្យបន្ថែមផែនការទៅមុខជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជូនពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ទាំងអស់ ដែលកំពុងប្រចាំការនៅតាមតំបន់រៀងៗខ្លួន ជួបតែសេចក្តីសុខ និងសុវត្ថិភាពគ្រប់ៗគ្នា និងសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនវីរកងទ័ពកម្ពុជាទាំងអស់ ជួបតែសុខ សុវត្ថិភាព សុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ពេលវេលា៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





