សង្រ្គាមនឹងចប់ហើយបើផ្អែកទៅលទ្ធផលកិច្ចចរចារវាងនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្ត្រីស្តីទីថៃនៅចំពោះមុខប្រជាជាតិរៀងៗខ្លួន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥--ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា សង្រ្គាមនឹងចប់ហើយបើផ្អែកទៅលទ្ធផលកិច្ចចរចាជាប្រវត្តិសាស្រ្ត រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃនេះ។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្រោយបញ្ចប់ដំណើរបេសកម្មរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ចរចាជម្លោះព្រំដែនជាមួយភាគីថៃ នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះថា”ស្នូរកាំភ្លើងនឹងលែងលាន់លឺទៀតហើយចាប់ពីយប់នេះនៅម៉ោង១២អាធ្រាតុទៅ នេះបើយោងតាមស្មារតីនៃទំនួលខុសត្រូវ រួមរវាងមេដឹកនាំកំពូលទាំងពីរគឺកម្ពុជាថៃ នៅចំពោះមុខប្រជាជាតិរៀងៗខ្លួន នៅចំពោះមុខតំបន់ និងនៅចំពោះមុខពិភពលោក”។
ជាមួយការថ្លែងបែបនេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ដែរថា ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានប្តូរវេនអាស៊ានបានត្រៀមរួចជាស្រេចក្នុងការសម្របសម្រួលរៀបចំឱ្យមានក្រុមអ្នកអង្កេតការណ៍មួយដើម្បីចុះពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់។ ម៉ាឡេស៊ីក៏នឹងពិគ្រោះជាមួយសមាជិកអាស៊ានផ្សេងទៀតដើម្បីចូលរួមក្នុងកិច្ចអង្កេតការណ៍តាមឃ្លាំមើលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់ដើម្បីគាំទ្រ សន្តិភាពពិតប្រាកដ។

ក្រៅពីនេះទាំងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី កម្ពុជានិងថៃ នឹងបង្កើតយន្តការសម្រាប់អនុវត្តផ្ទៀងផ្ទាត់ និងរាយការណ៍អំពីពីបទឈប់បាញ់។យន្តការនេះគឺជាមូលដ្ឋានគ្រឹះ សន្តិភាព និរន្តរភាព និង ការទទួលខុសត្រូវ៕
ដោយ៖ មករា





