មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យចុះរៀបចំអណ្ដូងទឹក និងបន្ទប់អនាម័យនៅគោលដៅជំរំជនភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥-- មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ក្រោមកិច្ចសហការជាមួយរដ្ឋបាលស្រុកចុងកាល់ និងរដ្ឋបាលស្រុកបន្ទាយអំពិល បានចុះអនុវត្តការងារនៅទីតាំងគោលដៅជំរំគ្រួសារជនភៀសសឹកចំនួន០៣កន្លែង នៅស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល នាថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។


ជំរំគ្រួសារជនភៀសសឹកចំនួន០៣កន្លែង គឺ៖ ១.ទីតាំងជំរំគ្រួសារជនភៀសសឹកភូមិឈក ឃុំចុងកាល់ ស្រុកចុងកាល់ បានសាងសង់បង្គន់អនាម័យចំនួន៥០កន្លែង សម្រេចលទ្ធផល៣០% បានខួងអណ្តូងចំនួន០៣កន្លែង និងបំពាក់ម៉ូទ័រសម្រេចលទ្ធផល១០០%។ ២. ទីតាំងជំរំគ្រួសារជនភៀសសឹក នៅវត្តបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ បានសាងសង់បង្គន់អនាម័យចំនួន១០បន្ទប់ សម្រេចលទ្ធផល១០០% និង៣. ទីតាំងជំរំគ្រួសារជនភៀសសឹក នៅវត្តភ្នំកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល បានសាងសង់បង្គន់អនាម័យចំនួន៣០កន្លែង សម្រេចលទ្ធផល៤០% បានខួងអណ្តូងចំនួន០១កន្លែង និងបំពាក់ម៉ូទ័រ សម្រេចលទ្ធផល១០០%។

ជាមួយគ្នានេះដែរ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានទទួលជំនួយពីអង្គការសាម៉ារីតាន់ភឺសជា អង្ករចំនួន៣០តោន និងទឹកសុទ្ធ ៤,០០០យួរ ផ្តល់ជូនរដ្ឋបាលស្រុកចុងកាល់ផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





