ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ស្នូរកាំភ្លើងនឹងលែងលាន់ឮទៀតហើយនៅប៉ុន្មានម៉ោងខាងមុខនេះផ្អែកតាមស្មារតីទទួលខុសត្រូវរបស់មេដឹកនាំ កម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥--«ស្នូរកាំភ្លើងនឹងលែងលាន់ឮទៀតហើយចាប់ពីយប់នេះនៅម៉ោង១២អធ្រាត្រទៅ នេះបើយោងតាមស្មារតីនៃទំនួលខុសត្រូវ រួមរបស់មេដឹកនាំកំពូលទាំងពីរគឺកម្ពុជាថៃ នៅចំពោះមុខប្រជាជាតិរៀងៗខ្លួន នៅចំពោះមុខតំបន់ និងនៅចំពោះមុខពិភពលោក»។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ។

ក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី២៨កក្កដានេះ បន្ទាប់ពីកិច្ចប្រជុំពិសេសដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស បានថ្លែងថា រាជរដ្ឋាភិបាលសូមប្រកាសប្រាប់ថាសន្តិភាពវិលវិញហើយ សន្តិភាពដែលនូវផុយស្រួយនៅឡើយ នឹងក្លាយជាការពិតជាក់ស្ដែងនាប៉ុន្មានម៉ោងទៀតខាងមុខនេះ។

បើតាម ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ កម្ពុជាយើង ប្រជាជាតិយើង ខ្មែរយើងនឹងត្រូវបន្តរួបរួមគ្នា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបន្តរក្សាការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង និងជាពិសេសសន្តិភាព បន្តរួបរួមគ្នាកសាងមាតុភូមិកម្ពុជារបស់យើង ក្រោយសករាជសង្រ្គាម៥ថ្ងៃ ដែលនឹងកន្លងផុតទៅនេះ។
សូមរម្លឹកជូនថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖

១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។ ២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង០៧៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និង ៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះ សម្ដេចធិបតី សូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្ដេចធិបតី ក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចារកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ សម្ដេចធិបតី ក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, រួបថត៖ គល់ រ៉េននី





