ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសំណេះសំណាលជាមួយគ្រួសារពលករវិលត្រឡប់មកពីប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញសំណេះសំណាលជាមួយគ្រួសារពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន៤២គ្រួសារ នៅសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។

បន្ទាប់ពីរបាយការណ៍របស់លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានភាពទូទៅនៅក្នុងស្រុកសាមគ្គីមានជ័យ ជាពិសេសពាក់ព័ន្ធនឹងស្ថានភាពដ៏ល្អប្រសើររបស់ប្រជាពលរដ្ឋដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ព្រមទាំងបាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកបងប្អូនណាម្នាក់ចោលឡើយ។


ឯកឧត្ដមរដ្ឋមន្ដ្រីក៏បានជម្រាបជូននូវព័ត៌មានពិតនៃការឈ្លានពានដោយកំរោល និងគឃ្លើនរបស់ទាហានថៃ ប្រដាប់ដោយអាវុធ ចូលក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ហើយមកទល់ពេលនេះ វីរកងទ័ពជួរមុខកម្ពុជា កំពុងប្រយុទ្ធការពារ វាយបក និងគ្រប់គ្រង មានប្រៀបឈ្នះនៅគ្រប់សមរភូមិ។ ឯកឧត្ដមរដ្ឋមន្ដ្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការជឿទុកចិត្ត និងមានភាពជឿជាក់និងកក់ក្ដៅលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យជាតិ មិនឱ្យបាត់បង់ទោះក្នុងតម្លៃណាក៏ដោយ។
ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈចាំបាច់ ជូនដល់បងប្អូនពលករ ជាពិសេសការជួយគាំទ្រ និងការដោះស្រាយបញ្ហាស្វែងរកការងារជូនពួកគាត់ឱ្យបានគ្រប់គ្នា។


ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ មកនៅស្រុកសាមគ្គីមានជ័យ ទាំង៤១គ្រួសារ ដោយម្នាក់ៗទទួលបាននូវអង្ករ ចំនួន ១បាវ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១ដប, សាប៊ូបោកខោអាវ ១កញ្ចប់ និងថវិកា១០ម៉ឺនរៀល៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





