ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកប្រមាណ៨០០គ្រួសារ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រតិភូក្រសួងនិងមន្ទីររាជធានី-ខេត្ត គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណ៨០០គ្រួសារ ដែលជម្លៀសពីតំបន់ព្រំដែនមកកាន់ទីតាំងមានសុវត្ថិភាព ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីកងទ័ពឈ្លានពានថៃបាញ់ផ្លោងគ្រាប់កាំភ្លើងធំចូលក្នុងភូមិឋានរបស់ពួកគាត់ ដោយធ្វើការភៀសខ្លួនទៅកាន់ជំរំភៀសសឹក ទីតាំងសុវត្ថិភាព ឬស្នាក់នៅតាមផ្ទះសាច់ញាតិ ហើយត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សា និងប្រឈមការលំបាកជាច្រើនផ្សេងទៀត។


ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ដើម្បីបញ្ចៀសហានិភ័យពីការប្រយុទ្ធគ្នា និងដើម្បីជួយសម្រួលទុកឱកាសឱ្យកងទ័ពនៅសមរភូមិការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន។


អំណោយដែលនាំយកមកជូនដល់បងប្អូនភៀសសឹកនាពេលនេះ រួមមាន៖ ត្រីងៀត សាច់ក្រក សាច់ជ្រូកផាត់ ត្រសក់ចាវ ឆៃប៉ូវ កាពិ ប៊ីចេង ស្ករត្នោត ទឹកបរិសុទ្ធ សម្លៀកបំពាក់មនុស្សចាស់ អាវក្មេង អាវរងា សារុង កន្សែង ក្រមា ភួយ មុង ខ្នើយ កន្ទេល តង់ ធុងដាក់ទឹក និងសម្ភារប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម )





