ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុតចុះក្ដាប់សភាពការណ៍ទូទៅនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៥ -- ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៥បានអញ្ជើញចុះក្ដាប់សភាពការណ៍ទូទៅនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន និងមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលជាអនុប្រធាននិងសមាជិកក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍លើកឡើងថា ការចុះក្ដាប់សភាពការណ៍នៅមូលដ្ឋាននាពេលនេះគឺអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅបំពាក់និងពង្រឹងស្មារតីដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានខេត្តកំពង់ធំ ឱ្យរួបរួមគ្នាជាធ្លុងមួយ សាមគ្គីភាព និងឯកភាពជាតិរឹងមាំសំដៅរួមគ្នាគិតគូរគាំទ្រនិងផ្សារភ្ជាប់រវាងសមរភូមិក្រោយនិងសមរភូមិមុខ ជាពិសេសក្នុងកំឡុងពេលនៃការប៉ះទង្គិចនៅតំបន់ព្រំដែនកម្ពុជា-ថៃនាពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា ដំណើរចុះក្តាប់សភាពការណ៍នាពេលនេះ ក៏ដើម្បីបន្តផ្ដោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចមូលដ្ឋាន និងការងារសតិអារម្មណ៍នយោបាយ ព្រមទាំងការគ្រប់គ្រងព័ត៌មានផងដែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឱ្យបន្តក្ដាប់និងតាមដានសភាពការណ៍ក្នុងមូលដ្ឋានជាប់ជាប្រចាំ និងត្រូវត្រៀមលក្ខណៈជួយដល់បងប្អូនដែលរងផលប៉ះពាល់ដោយសារស្ថានការណ៍ប៉ះទង្គិចនៅតំបន់ព្រំដែន ពិសេសការវិលត្រឡប់របស់បងប្អូនពលករដែលបានទៅធ្វើការងារនៅប្រទេសថៃ ក៏ដូចជាបងប្អូនកម្មករនិងអាជីវករដែលបានទៅធ្វើការនិងរកស៊ីនៅតំបន់ព្រំដែន ដោយត្រូវគិតគូរទាំងស្ថានភាពនៃការរស់នៅនិងទាំងសុខភាពរបស់បងប្អូនឱ្យបានល្អតាមដែលអាចធ្វើទៅបាន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់គោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការរៀបចំក្រុមប្រចាំការរួមនៅថ្នាក់ខេត្ត និងក្រុមប្រចាំការថ្នាក់ក្រុង-ស្រុកទាំង៩ ក្នុងគោលដៅដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការគិតគូរផ្តល់ការឧបត្ថម្ភគាំទ្រនិងការឆ្លើយតបនានាស្របទៅនឹងការវិវត្តនៃស្ថានការណ៍ក៏ដូចជាផលប៉ះពាល់ផ្សេងៗពីការប៉ះទង្គិចនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា យើងទាំងអស់គ្នាត្រូវប្រកាន់យកនូវស្មារតីរួបរួមគ្នាជាធ្លុងមួយនិងហ៊ានលះបង់ ដើម្បីបម្រើនិងផ្តល់ការគាំទ្រដល់សមរភូមិមុខផង និងផ្ដល់កម្លាំងចិត្តដល់រាជរដ្ឋាភិបាលននិងវីរៈកងទ័ពជួរមុខផងក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការបានផ្ដល់នូវអនុសាសន៍ណែនាំបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបន្តយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់, ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព, ពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ ពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធប្រកបដោយប្រសិទ្ធភាព និងពន្លឿនការដោះស្រាយបណ្ដឹងនៅតុលាការនិងការកាត់ក្តីប្រកបដោយយុត្តិធម៌ ដោយឈរលើគោលការណ៍ច្បាប់និងនីតិវិធីជាធរមានព្រមទាំងបន្តលើកកម្ពស់សេដ្ឋកិច្ចនៅមូលដ្ឋាន ដោះស្រាយជីវភាពប្រជាជន និងត្រូវបង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន និងធុរកិច្ចឱ្យបានល្អប្រសើរ សំដៅធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងការរីកចម្រើនរបស់ខេត្តកំពង់ធំ៕
ដោយ៖ ស៊ុម វណ្ណា, ប្រភពទីស្តីការគណៈរដ្ឋមន្រ្តី





