អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាថ្កោលទោសដាច់អហង្កាចំពោះអំពើឈ្លានពានទាំងកម្រោល និង ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៥--
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា កម្ពុជាសូមថ្កោលទោសដាច់អហង្កា ចំពោះអំពើឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃ ដែលបង្កឱ្យមានការប្រយុទ្ធគ្នាធ្វើឱ្យដល់បញ្ហាសន្តិភាព ស្ថិរភាព តាមខ្សែបន្ទាត់ព្រំដែន រំលោភបំពានអធិបតេយ្យកម្ពុជា គំរាមកំហែងក្នុងតំបន់និងខុសច្បាប់អន្តរជាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា ចាប់តាំងតែពីព្រឹកថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង៣៖២០នាទី ទៀបភ្លឺ សភាពការណ៍វាយប្រហារយ៉ាងគឃ្លើនរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា គឺ ភាគីថៃបានវាយលុកចំនួន៧ទីតាំង តំបន់ភ្នំខ្មោច តំបន់ អូកាស្នេហ អានសេះ តំបន់មុំបី ប្រាសាទមាន់ធំ ប្រាសាទតាក្របី ។ លោកជំទាវឧត្តមសេនីយ៍ឯកបន្ដថា នៅក្នុងទម្រង់នៃការវាយប្រហាររបស់ប្រទេសថៃឈ្លានពានមួយនេះគឺបានវាយប្រហារដោយកាំភ្លើងផ្លោង ការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក F-16 ការប្រើប្រាស់រថក្រោះបាញ់សង្រ្គប់ ការប្រើដ្រូនទម្លាក់គ្រាប់ ហើយជាងនេះទៅទៀតការប្រើប្រាស់គ្រាប់បែកចង្កោមតែម្តង។

លោកជំទាវឧត្តមសេនីយ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ផងដែរថា សកម្មភាពក្នុងការប្រើប្រាស់អាវុធធុនធ្ងន់វាយលុកមកលើទឹកដីកម្ពុជានោះ ថៃ បានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចំនួន៤លើក លើកទី១ នៅប្រាសាទព្រះវិហារ នៅវត្តកែវសិក្សាគិរីស្វារៈ ចំនួន៣លើក និងតំបន់ប្រាសាទតាក្របីចំនួន១លើក ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា៖ «អំពើយ៉ាងយង់ឃ្នងរបស់ភាគថៃ គិតចាប់ពីព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ រហូតមកដល់ពេលនេះឃើញថាគោលដៅ ដែលថៃបានធ្វើការវាយប្រហារគឺបានចំគោលដៅប្រជាពលរដ្ឋ រស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ពិសេសមានអ្នករងរបួស ក្នុងនោះមានមនុស្សចាស់ និងកូនក្មេង។ អ្វីដែលបង្កការប៉ះពាល់ធ្ងន់ធ្ងរជាងនេះគឺប៉ះពាល់ដល់កុមារថែមទៀត ហើយជាមួយគ្នានេះបានបង្កការខូចខាតដល់ស្ថានីយឥន្ធនៈក្រុងសំរោង ខូចខ្ទេចខ្ទីទាំងស្រុង»។

លោកជំទាវឧត្តមសេនីយ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់បន្ថែមថា អំពើឈ្លានពាននេះបានបង្កឱ្យប្រជាពលរដ្ឋត្រូវធ្វើការជម្លៀសពីលំនៅឋានរបស់ខ្លួន ហើយលើសពីនេះក្នុងថ្ងៃទី២៥ដដែលនេះ ក៏មានការបំផ្លោងកាំភ្លើងធំចំនួន៤គ្រាប់ ចូលទៅក្នុងទីធ្លាសាលាបឋមសិក្សាមនោរម្យ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ជាមួយគ្នានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងទៀតថា ជាមួយនឹងអំពើយង់ឃ្នង និងព្រៃផ្សែរបស់ភាគីថៃ ព្រះរាជាណាចក្រកម្ពុជាសុំធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដ៏ច្រើនសន្ធឹកសន្ធាប់ ដោយចេតនា និងខុសច្បាប់មកលើទឹកដីកម្ពុជា។ លោកជំទាវឧត្តមសេនីយ៍ឯកអ្នកនាំពាក្យបានអះអាងថា អំពើឈ្លានពានដ៏កម្រោល គ្មានទំនួលខុសត្រូវ និងបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិនេះយើងឃើញថាមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានសោះឡើយ។ លោកជំទាវឧត្តមសេនីយ៍ឯកបានលើកឡើងទៀតថា៖ «វាបានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបានដាក់ពង្រាយគ្រាប់បែកចង្កោម បង្កការគំរាមកំហែង យូរអង្វែងដល់ជនស៊ីវិល និងបរិស្ថានគឺជាឧក្រិដ្ឋកម្មសង្ដ្រាមក្រោមច្បាប់ អន្តរជាតិដែលបំផ្លិតបំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់៕
ដោយ៖ មករា





