អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា ការផ្ទុះសង្គ្រាមពីរថ្ងៃបង្កដោយភាគីថៃ បង្ហាញកាន់តែច្បាស់ថា ថៃបានរៀបចំគម្រោងជាមុនក្នុងការរំលោភយកទឹកដីកម្ពុជា
AKP ភ្នំពេញ ថ្ងៃទ២៥ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ការផ្ទុះសង្គ្រាមរយៈពេលពីរថ្ងៃដែលបង្កឡើងដោយភាគីថៃ ធ្វើការវាយប្រហារមកលើកម្ពុជាបានបង្ហាញកាន់តែច្បាស់ថា ថៃបានរៀបចំគម្រោងទុកជាមុនក្នុងការរំលោភយកទឹកដីកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឱ្យដឹងថា ភាគីថៃបានធ្វើការវាយប្រហារមកលើកម្ពុជារយៈពេលពីរថ្ងៃហើយ ដែលធ្វើឱ្យកម្ពុជាប្រើសិទ្ធិដើម្បីការពារបូរណភាពទឹកដីរបស់យើង ពីព្រោះថា ថៃ មានបំណងចង់ឈ្លានពាន គ្រប់គ្រងទឹកដីរបស់កម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យបានថ្លែងបញ្ជាក់ថា៖ «ក្នុងការប៉ះទង្គិចគ្នារវាងពេលពីរថ្ងៃនេះ វាស្តែងឱ្យច្បាស់ឃើញពីព្រិត្តិការណ៍សំខាន់មួយចំនួនដូចជា៖ ១. ជាមហិច្ឆតាពីការឈ្លានពានយកទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃ ដែលមានការរៀបចំទុកជាមុន តាមរយៈការចូលមកបាញ់សម្លាប់ទាហានខ្មែរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ២. ឱ្យកងទ័ពរុលចូលមកក្នុងទឹកដីកម្ពុជា និងពង្រាយបញ្ហារហូតដល់ទីបំផុតធ្វើការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ដោយប្រដាប់អាវុធធុនធ្ងន់ក្នុងគោលបំណងរុល យកដែនដីជាអធិបតេយ្យភាពកម្ពុជាតែម្តង»។

ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងទៀតថា ភាគីថៃបានបើកការវាយប្រហារមកលើកកម្ពុជាបានប្រើអាវុធធុនធ្ងន់ និងទម្លាក់គ្រាប់បែក ដោយប្រើប្រាស់យន្តហោះប្រភេទ F-16 ហើយចុងក្រោយនេះបានប្រើប្រាស់គ្រាប់បែកចង្កោម។ ដូច្នេះ គោលបំណងនេះច្បាស់លាស់ណាស់គឺជាការឈ្លានពានទឹកដីកម្ពុជា ។ ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ក្នុងការរផ្ទុះអាវុធនេះក៏ស្តែងឱ្យឃើញថា កងទ័ពកម្ពុជាមានភាពក្លាហានគួរឱ្យកោតសរសើរក្នុងការតស៊ូទប់ទល់ជាមួយចោរឈ្លានពានទឹកដីរបស់យើងបាន។
ឯកឧត្ដម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្ថែមថា នេះជាវីរភាពដ៏អង់អាចក្លាហានដែលគួរឱ្យសរសើររបស់កងទ័ព គ្រប់ប្រភេទ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅ៕
ដោយ៖ ប៊ុនរិទ្ធ





