ឯកឧត្ដម ឃួង ស្រេង៖ បរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥--
តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌ ក្នុងគោលបំណងសំខាន់ចំនួនពីរគឺ៖ ទី១. បម្រើដល់សេចក្ដីត្រូវការជាប្រចាំក្នងការសង្គ្រោះជីវិត ដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ដែលត្រូវការឈាមបន្ទាន់។ ទី ២. ត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋក្នុងករណីរងរបួស ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដី តាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ។

ឈរលើគោលបំណងសំខាន់ពីរខាងលើការបរិច្ចាគឈាមមនុស្សធម៌ពេលនេះ គឺធ្វើឡើងដើម្បីត្រៀមបង្ការផង និងយោងលើសេចក្តីត្រូវការផងសម្រាប់តម្រូវការឈាមជាទូទៅ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមឈ្លានពាន ហើយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ទាមទារឱ្យមានតម្រូវការឈា មជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ ព្រោះឈាមជាជីវិត។

ក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ មាតុភូមិរួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមបរិច្ចាគឈាមឱ្យបានច្រើនគ្នា ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ៕

ដោយ សួស សំរិត





