ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវនៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម
AKP កំពង់ចាម ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងវឌ្ឍនភាពនៃការជួសជុលផ្លូវឡើងវិញក្នុងក្រុងកំពង់ចាម។

ក្នុងដំណើរអញ្ជើញចុះពិនិត្យផ្ទាល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តចុះតាមដានការដ្ឋានឱ្យបានជាប់ជាប្រចាំ ធ្វើឱ្យការអនុវត្តទៅតាមលក្ខណៈបទដ្ឋាន តាមស្តង់ដារបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់បានគង់វង្សយូរអង្វែង។

លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឱ្យដឹងថា ការដ្ឋានស្ថាបនា និងជួសជុលផ្លូវនៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម ចែកចេញជាបីប្រភេទ រួមមាន៖ ផ្លូវអ៊ុតកៅស៊ូAC 48,269m ផ្លូវបេតុងRC12,224m ផ្លូវក្រាលកៅស៊ូDBST 25,953m សរុប86,446m។ គិតមកដល់ពេលនេះ គម្រោងការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់សម្រេចបានលទ្ធផលប្រមាណ៧៩% ហើយគម្រោងនឹងត្រូវនឹងបញ្ចប់នៅចុងឆ្នាំ២០២៥នេះ៕

ដោយ ឆាយ ម៉ុត





