ឯកឧត្តម ឌិត ទីណា ចុះសួរសុខទុក្ខ និងនាំស្បៀងជូនពលរដ្ឋរងគ្រោះដោយការឈ្លានពាននៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកនេះបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ពចំនួនជាង ១៤០គ្រួសារ ដែលបានជម្លៀសខ្លួនពីតំបន់ព្រំដែន មកកាន់ទីទួលសុវត្ថិភាពនៅឃុំភ្នំដីឃុំណាំតាវ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ការចុះសួរសុខទុក្ខនេះធ្វើឡើងបន្ទាប់ពីមានការឈ្លានពានទឹកដីបង្កឡើងដោយកងទ័ពថៃ និងការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពប្រទេសទាំងពីរនៅតាមព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា បានសម្ដែងក្ដីអាណិតអាសូរយ៉ាងខ្លាំងចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព ដែលត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅឋានដោយសារអំពើឈ្លានពាន។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងមិនបោះបង់ចោលប្រជាពលរដ្ឋរបស់ខ្លួនឡើយ ហើយនឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់ជំនួយចាំបាច់នានា ដើម្បីធានាបាននូវសុវត្ថិភាព ស្បៀងអាហារ និងលំនៅឋានបណ្ដោះអាសន្នជូនពួកគាត់។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «យើងខ្ញុំសូមសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះ ដែលបង្កឡើងដោយការឈ្លានពានពីសំណាក់កងទ័ពប្រទេសជិតខាង។ ទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាត្រូវតែរួបរួមសាមគ្គីគ្នា ប្រឈមមុខនឹងបញ្ហាប្រឈមនេះដោយស្មារតីអត់ធ្មត់ និងសាមគ្គីភាព។ រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីការពារបូរណភាពទឹកដី និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប»។

ឯកឧត្តម ឌិត ទីណា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយសង្គ្រោះ និងសម្រួលដល់ការជម្លៀសប្រជាពលរដ្ឋ ក៏ដូចជាការរៀបចំទីទួលសុវត្ថិភាព។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុ រាត្រី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អំពីស្ថានភាពជាក់ស្ដែងនៃការជម្លៀសប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈរបស់រដ្ឋបាលខេត្តក្នុងការទទួលស្វាគមន៍ និងផ្ដល់ទីជម្រកបណ្ដោះអាសន្ន។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការសម្របសម្រួល និងធានាបាននូវការផ្គត់ផ្គង់ស្បៀង ទឹកស្អាត និងសេវាសុខភាពបឋមជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសខ្លួន។

ឯកឧត្តម អ៊ុ រាត្រី បានថ្លែងថា «យើងខ្ញុំក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវសុវត្ថិភាព និងភាពធូរស្បើយជូនបងប្អូនប្រជាពលរដ្ឋទាំងអស់។ យើងនឹងបន្តតាមដានស្ថានការណ៍នៅតាមបណ្ដោយព្រំដែនយ៉ាងយកចិត្តទុកដាក់ និងត្រៀមលក្ខណៈជានិច្ចក្នុងការឆ្លើយតបទៅនឹងគ្រប់កាលៈទេសៈ»។
ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បាននាំយកនូវអំណោយជាស្បៀងអាហាររួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត ទៅចែកជូនដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ពជាង១៤០គ្រួសារ។ ជំនួយទាំងនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ការចុះសួរសុខទុក្ខនេះមិនត្រឹមតែជាការផ្ដល់ជំនួយសម្ភារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្ដល់នូវកម្លាំងចិត្ត និងក្តីសង្ឃឹមដល់បងប្អូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលតែងតែនៅក្បែរពួកគាត់ជានិច្ចក្នុងគ្រាលំបាក។ ស្ថានការណ៍នៅតាមបណ្ដោយព្រំដែននៅតែបន្តស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ និងអធិបតេយ្យភាពជាតិ៕
ដោយ ឈុន សារ៉ាត





