ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យបារាំងបន្ដគាំទ្រកម្ពុជាឱ្យភាគីថៃអនុវត្តទៅតាមកិច្ចព្រមព្រៀងបារាំង-សៀម
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥--
តាមរយៈសកម្មភាពឈ្លានពានរបស់ប្រទេសថៃ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យប្រទេសបារាំងបន្ដគាំទ្រកម្ពុជា ដោយជំរុញឱ្យភាគីថៃអនុវត្តទៅតាមកិច្ចព្រមព្រៀងបារាំង សៀម ដែលមានកន្លងមក ចៀសវាងការប្រើប្រាស់ផែនទីដែលគូសដោយឯកតោភាគី។ ជុំវិញការដោះស្រាយបញ្ហាព្រំដែន តាមរយៈ ការប្ដឹងទៅតុលាការអន្តរជាតិ ICJ។ ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Frédéric VALLIER អគ្គប្រតិភូ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ដោយសារថៃមានមហិច្ឆតាចង់បានប្រាសាទនានារបស់កម្ពុជាមកធ្វើជារបស់ខ្លួន ថៃបានបង្កឱ្យមានជម្លោះនៅតាមព្រំដែន រហូតបាញ់មកលើកម្ពុជា ធ្វើឱ្យកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ ដើម្បីការពារបូរណភាពទឹកដីពីចោរឈ្លានពាន។ ប្រទេសកម្ពុជាមានសន្តិភាពពេញលេញតែត្រូវបានអ្នកជិតខាងបង្កជាជំម្លោះ ដែលជម្លោះនេះ គឺដោយសារតែភាគីថៃមិនគោរពតាមកិច្ចព្រមព្រៀង ដោយបានរំលោភបំពានបូរណភាពទឹកដីកម្ពុជា រហូតបង្កឱ្យមានការផ្ទុះអាវុធដាក់គ្នាកាលពីថ្ងៃទី២៤ ខែកក្កដា ម្សិលមិញនេះ។ លើសពីនេះភាគីថៃបានពង្រីកបញ្ហាព្រំដែននេះឱ្យប៉ះពាល់ទៅដល់វិស័យពាណិជ្ជកម្មថែមទៀត តាមរយៈការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ។

ឯកឧត្ដមបានបន្ដថា អ្វីដែលជាការហួសចិត្តនិងនឹកមិនស្មានដល់សោះនោះ គឺប្រទេសថៃជាអរិយៈប្រទេសគួរឱ្យកត់សម្គាល់មួយដែរ មិនគួរដល់ថ្នាក់ ប្រើយន្តហោះចម្បាំង ទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រាសាទ ដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនោះទេ ព្រមទាំងសង្ឃឹមថា បារាំងនឹងគាំទ្រកម្ពុជា។
ជុំវិញការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង ក្នុងជំនួបនោះ លោក Frédéric VALLIER បានលើកឡើងថា មិនមែនក្នុងនាមប្រទេសបារាំងនោះទេ តែក្នុងនាមជាតំណាងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF ជម្លោះប្រដាប់អាវុធរវាងប្រទេសថៃ និងប្រទេសកម្ពុជា លោកពិតជាសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និងសង្ឃឹមថា ជម្លោះដ៏តានតឹងនេះ នឹងវិលត្រឡប់ទៅរកភាពប្រក្រតីដូចដើមវិញ។ ប្រទេសកម្ពុជា និងថៃនឹងរកដំណោះស្រាយបានដ៏ល្អនៅថ្ងៃអនាគត។ មកដល់សតវត្សទី២១ហើយ មិនគួរនឹងកើតឡើងនូវជម្លោះដណ្ដើមប្រាសាទគ្នានោះទេ។ គេពិតជាបានដឹងហើយថា ប្រាសាទទាំងនោះនៅក្នុងទឹកដីអ្នកណា។ ការអភិវឌ្ឍរាជធានីភ្នំពេញគឺពិតជាមានការចូលរួមពីប្រទេសបារាំងផងដែរ តាមរយៈផ្ដល់នូវបច្ចេកទេស ការផ្ដល់នូវប្រឡាយ លូជាដើម។ សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF បានជួយរាជធានីភ្នំពេញទៅលើការកសាងស្ថានីយប្រព្រឹត្តកម្មសំណល់ ភក់បង្គន់ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នឹងធ្វើកិច្ចការងារឱ្យបានច្រើនថែមទៀតសំរាប់សមម្មភាព AIMF ជាមួយនឹងការជំរុញឱ្យការកសាងស្ថានីយប្រព្រឹត្តកម្មសំណល់ ភក់បង្គន់ឱ្យបានទៅតាមគម្រោង ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោក Frédéric VALLIE R ក៏ថ្លែងនូវការអរគុណចំពោះការប្តេជ្ញាចិត្តរបស់រាជធានីភ្នំពេញ ក្នុងការគាំទ្រ ចំពោះសកម្មភាពរបស់ AIMF។ រាជធានីភ្នំពេញធ្លាប់ធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំ AIMF។ ការអញ្ជើញមករាជធានីភ្នំពេញលើកនេះ AIMF មានបំណងស្វែងយល់អំពីសមិទ្ធផលនានា ដែលសម្រេចបានហើយក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះការទទួលឱ្យមានទីស្នាក់ការរបស់សមាគម AIMF នៅរាជធានីភ្នំពេញ៕
ដោយ សួស សំរិត





